វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៣០ ០៤ ២០២៥)
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ បានទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាល ពោលទាំងអាណត្តិសម្ដេចតជោ និងសម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែម ជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលកូនរួច។
អ្នកស្រី ហ៊ាង ចិន្តា មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មកពីខេត្តកំពង់ស្ពឺ ដែលកំពុងពពោះជិតគ្រប់ខែ និងត្រៀមឆ្លងទន្លេនាពេលខាងមុខនេះ បានឱ្យដឹងថា តាមរយៈប័ណ្ណ ប.ស.ស. ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន គឺមិនដែលអស់ថ្លៃចំណាយ ក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ បន្ថែមពីនេះទៀត ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏នឹងមិនអស់ថ្លៃផងដែរ ដោយសារអ្នកស្រី មានកាតសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប័ណ្ណប.ស.ស) ។
ក្រុមស្រ្តីដែលទើបសម្រាលកូនបានប្រមាណ ២ទៅ៣ថ្ងៃ បច្ចុប្បន្នកំពុងសម្រាកព្យាបាលសុខភាព នៅក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ការទទួលបានការយកចិត្តទុកដាក់ទាំងនេះ របស់រាជរដ្ឋាភិបាលកម្ពុជា មិនថាមន្រ្តីរាជការ ឬបុគ្គលិកក្រុមហ៊ុនទូទៅទេ ក្នុងនាមជាកម្មការនីរោងចក្រ ក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាផងដែរ ទាំងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ បន្ថែមពីនេះ ក្នុងអំឡុងពេលនេះរហូតដល់សម្រាល មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។ ជាពិសេស ការយកចិត្តទុកដាក់បានយ៉ាងល្អពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនរើសអើងវណ្ណៈ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួបសំណេះសំណាល រវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយសហជីព សេដ្ឋកិចច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីពេលកន្លងទៅ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ មេសា ឆ្នាំ២០២៥ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ មុនពេលសម្រាល និងក្រោយពេលសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ ចំនួន១៤លើក ដោយមួយលើកទទួលបានថវិកា ចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភ សម្រាលកូនចំនួន ៨០ម៉ឺនរៀល បានចំណាយថវិកាប្រមាណ ៣៣០ពាន់លានរៀល ដោយមានស្រ្តីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ បានទទួលផលពីកម្មវិធីនេះ៕