វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣០ ០៤ ២០២៥
ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រទៅលើរូបថត និងស្នាមម្រាមដៃសម្រាប់បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកមិនទាន់មានឈ្មោះ និងអ្នកទើបគ្រប់អាយុ១៨ឆ្នាំ ចាប់ផ្តើម ពីថ្ងៃស្អែកនេះតទៅហើយ នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់ នៅទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែមេសានេះ ឯកឧត្តម មាន សទិ សមាជិកគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នេះ មានរយៈពេល២៦ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ដោយពេលព្រឹកចាប់ពីម៉ោង៧ដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២ ដល់ម៉ោង៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោត គ្រាដែលការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រទៅលើរូបថត និងស្នាមម្រាមដៃ ត្រូវបានអនុវត្តសម្រាប់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ពោលគឺ ចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦។
ចំពោះការកែតម្រូវទិន្នន័យជីវប្រវត្តិ ឬទិន្នន័យជីវមាត្រ, ឯកឧត្តម មាន សទិ បានបញ្ជក់ថា ប្រសិនបើអ្នក សុំចុះឈ្មោះបោះឆ្នោតធ្លាប់បានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែមានបំណងកែតម្រូវទិន្នន័យជីវប្រវតិ្ត ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត គឺពួកគាត់ត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត(ឯ.អ) ដែលបានប្រើពេលចុះឈ្មោះបោះ ឆ្នោតពីមុន ដោយមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប្រសិនបើមាន។
តាមការបញ្ជាក់របស់គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ការចែកលិខិត អញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ បានចំនួនជាង៩លាន១០ម៉ឺននាក់ ស្មើនឹង ជាង៩១ភាគរយ។ ការចែកលិខិតអញ្ជើញតាមភូមិ ត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមេសានេះហើយ តែប្រជាពលរដ្ឋដែលមិនទាន់បានទទួលលិខិតអញ្ជើញ ក៏អាចទៅទទួលនៅសាលាឃុំ-សង្កាត់ ដែលខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ-សង្កាត់នោះដែរ៕