វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្ន មន្ទីរព័ត៌មានខេត្តបាត់ដំបង
បាត់ដំបង៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៥ ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ត្រូវបានធ្វើពិធីបិទនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណទីលានកីឡាបាល់ទាត់សាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោក លោកស្រីមកពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអានរបាយការណ៍ការប្រកួតដោយបញ្ជាក់ថា ថ្ងៃនេះឈានដល់ថ្ងៃបញ្ចប់នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៥ លើ៦ប្រភេទកីឡា មាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៊ូលប៉េតង់ និងប្រភេទកីឡាតេក្វាន់ដូWT ដែលមានសមាសភាពចូលរួមពី ក្លិបនាគរាជ ក្លិបMBS ក្លិបវ៉ុនក្វាង ក្លិបUSA ក្លិបខ្លាចរមាស វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យនេតយ៉ង់ វិទ្យាល័យសម្តេចឪ សាលាដុនបូស្កូ សាលាក្តីសង្ឃឹមអាស៊ី សាលាបញ្ញាសាស្រ្ត សាលាSOS សាលាសុវណ្ណភូមិ សាលាកុលបុត្រ ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកបាណន់ ស្រុកថ្មគោល ស្រុករតនមណ្ឌល ស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកសំឡូត ស្រុកគាស់ក្រឡ ស្រុករុក្ខគិរី និងស្រុកមោងឫស្សី សរុបក្រុមចូលរួម១៤៤ក្រុម និងក្រុមកីឡាសរុបចំនួន២០៦២នាក់ ក្នុងនោះស្រីចំនួន៨៨៤នាក់។ ចំពោះទីលានប្រកួតទាំង០៦ ប្រភេទកីឡាមានដូចខាងក្រោម កីឡាបាល់ទាត់ នៅវិទ្យាល័យនេតយ៉ង់ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងសាកលវិទ្យាល័យជាតិបាត់ដំបង, កីឡាបាល់ទះ នៅវិទ្យាល័យនេតយ៉ង់ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង, កីឡាបាល់បោះ នៅវិទ្យាល័យសម្តេចឪ, កីឡាអត្តពលកម្ម នៅអនុវិទ្យាល័យវត្តគរ វិទ្យាល័យនេតយ៉ង់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, កីឡាប៊ូលប៉េតង់ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត, កីឡាតេក្វាន់ដូWT នៅសាលាគុននាគរាជ។
លោក ផេង សិទ្ធី បានមានប្រសាសន៍បិទការប្រកួតកីឡាដោយអំពាវនាវដល់ថ្នាក់ដឹកនាំ អង្គភាពនានាជុំវិញខេត្ត សូមចូលរួមចំណែកបំផុសចលនាកីឡាឱ្យបានទូលំទូលាយជាពិសេស សកម្មភាពអប់រំកាយ និងកីឡា នៅក្នុងម៉ោង និងក្រៅម៉ោងសិក្សា ព្រោះកីឡានាំនូវសន្តិភាព និងការអភិវឌ្ឍ ហើយកីឡានាំឱ្យមានវិន័យ វិន័យនាំឱ្យមានសណ្តាប់ធ្នាប់ មានសេចក្តីថ្លៃថ្នូរ និងនាំឱ្យមានកិត្តិយស ប្រការទាំងនេះហើយ ដែលនាំឱ្យក្មួយៗ ទាំងអស់គ្នាអាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅថ្ងៃអនាគត។ លោកអភិបាលរងបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះផងដែរ ចំពោះគណៈកម្មការបច្ចេកទេស ប្រតិភូ ដឹកនាំគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើងជើងឯកថ្នាក់ខេត្តឆ្នាំ២០២៥ និងគោរពតាមគោលការណ៍ បទបញ្ជានៃការប្រកួតកីឡាបានត្រឹមត្រូវ មានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលបានលទ្ធផលបច្ចេកទេស ស្របតាមសមត្ថភាពរបស់ខ្លួនដោយ “មិនគិតឈ្នះ ឬចាញ់ឡើយ”។
ក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៦ថ្ងៃលទ្ធផល ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសា រត់១០០ម៉ែត្រ(យុវនារី) ចំណាត់ថ្នាក់លេខ១ កីឡាការិនី ជា ណារី ចំណាត់ថ្នាក់លេខ២ កីឡាការិនី ពៅ ណាស៊ី ចំណាត់ថ្នាក់លេខ៣ កីឡាការិនី វិបុល វណ្ណនិដា , វិញ្ញាសារត់១០០ម៉ែត្រ យុវជន ចំណាត់ថ្នាក់លេខ១ កីឡាករ ញ៉ាញ់ បញ្ញ ចំណាត់ថ្នាក់លេខ២ កីឡាករ ម៉េង បាន ចំណាត់ថ្នាក់លេខ៣ កីឡាករ រ៉ាត់ រតនៈ, ប្រភេទកីឡាតេក្វាន់ដូWT វិញ្ញាសា មេគុណឯកត្តជន យុវនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី អ៊ុន មុន្នីបញ្ចពេជ្រ ចំណាត់ថ្នាក់លេខ២ កីឡាការិនី ឌួង សុវណ្ណប៉ូលិកា ចំណាត់ថ្នាក់លេខ៣ កីឡាការិនី ជា វិមុត្តី, ប្រភេទកីឡាប៊ូលប៉េតង់ វិញ្ញាសារវាយយកពិន្ទុ យុវនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី នី រស្មី ចំណាត់ថ្នាក់លេខ២ កីឡាការិនី រឿន ស្រីរ័ត្ន ចំណាត់ថ្នាក់លេខ៣ កីឡាការិនី លៀម តុលា, ប្រភេទកីឡាបាល់បោះ បាល់បោះយុវនារី អនុវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ក្រុងបាត់ដំបង ចំណាត់ថ្នាក់លេខ២ ស្រុកបាណន់ ចំណាត់ថ្នាក់លេខ៣ សាលាSOS, ប្រភេទកីឡាបាល់ទះ បាល់ទះ យុវនារី អនុវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ស្រុកសំឡូត ចំណាត់ថ្នាក់លេខ២ ស្រុកបាណន់ ចំណាត់ថ្នាក់លេខ៣ ស្រុកថ្មគោល, ប្រភេទកីឡាបាល់ទាត់ បាល់ទាត់យុវនារី អនុវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ស្រុកគាស់ក្រឡ ចំណាត់ថ្នាក់លេខ២ ស្រុកបវេល ចំណាត់ថ្នាក់លេខ៣ ស្រុករតនមណ្ឌល៕