អេទីកាបានបន្តឧបត្ថម្ភថវិកាសប្បុរសធម៌ដល់អង្គការ WaterAid ជាលើកទី៤

Narith | ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ៣០.០៤.២០២៥ 

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត eTiQa (អេទីកា) បានបន្តឧបត្ថម្ភថវិកាសប្បុរសធម៌ដល់អង្គការ WaterAid ជាលើកទី៤ ក្នុងគោលបំណងបន្តភាពជាដៃគូសម្រាប់គម្រោងតភ្ជាប់បណ្តាញទឹកស្អាតសម្រាប់គ្រួសារក្រីក្រ ។ 

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា កម្ពុជា (Etiqa Life Insurance Cambodia) និងអង្គការវ័តធឺអេត កម្ពុជា (WaterAid Cambodia) បានរៀបចំពិធីចុះហត្ថលេខារួមគ្នាប្រគល់ និងទទួលកញ្ចប់ថវិកាជំនួយសប្បុរសធម៌ សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាតជនបទនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានផ្តល់ថវិកាចំនួន ៤០,០០០ដុល្លារអាម៉េរិក ដល់អង្គការវ័តធឺអេត កម្ពុជា ដើម្បីបន្តអនុវត្ត “គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ” ស្ថិតនៅស្រុកសំរោងទង និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្នុងពិធីចុះហត្ថលេខាផ្តល់និងទទួលកញ្ចប់ជំនួយសប្បុរសធម៌នេះ លោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកាកម្ពុជា មានប្រសាសន៍ថា គិតត្រឹមចុងខែមេសាឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា បានផ្តល់ថវិកាទំនួលខុសត្រូវសង្គមរបស់ខ្លួន ចំនួន៤ដំណាក់កាលដល់អង្គការវ័តធឺអេតកម្ពុជា ។ កន្លងទៅ ជំនួយគាំទ្រសេវាទឹកស្អាតដល់ប្រជាសហគមន៍ជនបទទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់ និងអាជ្ញាធរពាក់ព័ន្ធ ។
លោក ឆាត់ សុភាព នាយកប្រចាំប្រទេស អង្គការវ័តធឺអេតកម្ពុជាបានបន្តលើកឡើងថា ទោះបីភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតនៅកម្ពុជាកំពុង ខិតខំជំរុញឱ្យវិស័យនេះ សម្រេច លទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងគោលនយោបាយរបស់ រដ្ឋាភិបាល ក៏វិស័យទឹកស្អាតជួបឧបសគ្គជាច្រើនត្រូវដោះស្រាយ ។ ឧបសគ្គទាំងនោះ មានដូចជា ប្រភពថវិកាគាំទ្រដល់វិស័យទឹកស្អាតនៅមានកម្រិត ភូមិសាស្ត្រមិនអំណោយផលដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការយល់ដឹងរបស់ប្រជាជន និងការចូលរួមពីវិស័យឯកជននៅតិចតួចនៅឡើយ ។
សូមជម្រាបថា គោលបំណងរួមដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ចាប់ដៃគូជាមួយអង្គការវ័តធឺអេតកម្ពុជា តាមរយៈការផ្តល់ហិរញ្ញវត្ថុគាំទ្រសេវាទឹកស្អាតនិងអនាម័យ គឺក្នុងគោលបំណងចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនមានលទ្ធភាពកាន់តែទូលាយ ដើម្បីទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ៕