វិទ្យុជាតិកម្ពុជា ឈួន សំអាត ៣០-០៤-២០២៥
ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារ:សំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក។
សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈពេល៤ថ្ងៃ គឺ ចាប់ពីថ្ងៃ១-២-៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សនិងប្រជារាស្ត្រតាមចំនួនកំណត់ជាក់ស្តែង ដើម្បីរួមគ្នាថែរក្សានូវព្រះរាជប្បវេណីពីបុរាណឱ្យបានគង់វង្ស។
នៅឯខេត្តកំពង់ឆ្នាំងឯណោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ រួមនឹងគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធ បាននិងកំពុងមមាញឹក ចុះពិនិត្យស្ថានភាពការងារដែលក្រុមការងារកំពុងរៀបចំទីលានព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង ក៏ដូចជាពិនិត្យស្ថានភាពនៃកាសាងសង់បញ្ជតាំងពិព័រណ៍ផលិតផលកសិកម្ម ឧស្សាហកម្ម ដែលជាផលិតផលក្នុងស្រុក សម្រាប់ព្រះរាជពិធីដ៏មានសារ:សំខាន់នេះ ជាពិសេសគឺការសាកល្បង បង្ហាត់បន្ថែមបន្សាំគោឧសភរាជ ត្រៀមសម្រាប់ព្រះរាជពិធីនាពេលខាងមុខនេះ។
សូមជម្រាបជូនថា
សម្រាប់ក្រសួង ដែលត្រូវមានភារកិច្ចរៀបចំតាំងពិព័រណ៍ផលិតផលក្នុងស្រុក ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះរួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ជាដើម៕