វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៣០ ០៤ ២០២៥)
ភ្នំពេញ៖ ផ្លូវជនបទក្រាលដីល្បាយក្រួស ចំនួន៤ខ្សែ ប្រវែងសរុប៥ គីឡូម៉ែត្រ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងលើកកម្ពស់ដល់ការរស់របស់អតីតយុទ្ធជន និងប្រជាជន ថែមទាំងបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល និងការរកស៊ីៗផ្សេងផងដែរ។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ៤ខ្សែ ប្រវែងសរុប ៥គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ថា ទាក់ទិនការអភិវឌ្ឍជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិង កំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ជាក់ស្តែងផ្លូវខាងលើនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងលើកកម្ពស់ដល់ការរស់របស់អតីតយុទ្ធជននៅតំបន់ នេះ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរកស៊ីទទួលទានផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ទាក់ទិនផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំប្រឹង ប្រែងស្ថាបនាផ្លូវនេះឡើង សម្រេចបានតាមផែនការ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញផ្លូវជនបទនេះដែរ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយ គម្លាតតំបន់ជនបទ និងទីក្រុង៕