សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេប្រែក្លាយខេត្តព្រះសីហនុជាតំបន់ពាណិជ្ជកម្មសេរី

Chuon Bona | ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ 2025

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេប្រែក្លាយខេត្តព្រះសីហនុជាតំបន់ពាណិជ្ជកម្មសេរី

វិទ្យុជាតិកម្ពុជា៖

ព្រះសីហនុ៖ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

 បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន និងកំពុងអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ជាបន្តបន្ទាប់ និងសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែសរុបមានចំនួនជាង ១ លាន TEUs នៅក្នុងឆ្នាំ២០២៤ កើនឡើង ២៩,៣៨% និងចំណូលអាជីវកម្ម សរុបប្រមាណជាង ១២០លានដុល្លារ អាម៉េរិក កើនឡើង ២៦,៦៣% បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១៥៦៦គ្រឿង កើនឡើង ៣,៩៨% ប៉ុន្តែចំណុះផ្ទុកនាវា មានរហូតដល់ប្រមាណជាង ២០លានតោន ដែលមានកំណើន ៥,៧៩%។

ដើម្បីចូលរួមចំណែកគាំទ្រដល់ការរីកចម្រើន ការអភិវឌ្ឍប្រទេស និងសម្រេចបាននូវចក្ខុវិស័យ របស់ រាជរដ្ឋាភិបាលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍ និងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន។

ជារួម កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍទៅមុខស្របតាមចក្ខុវិស័យរបស់ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំ ដោយសម្តេច  មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រែក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លីកថ្នាក់តំបន់ ដែលនឹងអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់ នៅក្នុងពិភពលោកអាចចូលចតបាននាពេលខាងមុខ ព្រមទាំងធានា បាននូវការកាត់បន្ថយតម្លៃដឹកជញ្ជូន តាមសមុទ្រឱ្យប្រហាក់ប្រហែលជាមួយបណ្តាប្រទេសនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឯកភាពគ្នាលើកំណត់ហេតុរួមមួយ ជាមួយ ទីភ្នាក់ងារ JICA ដើម្បីជំរុញការអនុវត្តគម្រោង អភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះ សីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក  ថ្នាក់តំបន់ ដោយគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៥នេះ។

ជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សារៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញដឹកជញ្ជូនតាម ផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ដើម្បីពង្រីកវិសាលភាព និងសក្តានុពលនៃការដឹកជញ្ជូន តាមផ្លូវទឹក។

ជាការពិតណាស់ ការរីកចម្រើនរបស់វិស័យកំពង់ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ តែដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗ និងបច្ចុប្បន្ន និងក្រោមការជួយជ្រោមជ្រែងពីប្រទេសជាមិត្ត ពិសេសរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែ ឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតទាំងអស់ គុណភាពនៃការផ្តល់សេវាកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃ និងបានជំរុញការ អភិវឌ្ឍជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការធ្វើទំនើបកម្ម និងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ជាដើម។

រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ ហ្មត់ចត់ និងប្រកបដោយឆន្ទៈដ៏មុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាក់ស្តែង ការអភិវឌ្ឍវិស័យកំពង់ផែ ក៏ត្រូវ បានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះផងដែរ គឺនៅត្រង់ចំណុចទី៣ នៃមុំទី២ ក្នុងបញ្ចកោណទី២ ដែលកំណត់អំពី «ការបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំង ការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទីក»៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេប្រែក្លាយខេត្តព្រះសីហនុជាតំបន់ពាណិជ្ជកម្មសេរី