វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយមន្ទីរព័ត៌មានខេត្តកែប
កែប៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំឱ្យលោកប្រធានមន្ទីរថ្មី បន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលនឹងដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីផ្ទេរ និង ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបកាលពី ថ្ងែទី៣០ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសេះសសាលាខេត្ត។ លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ជំនួសលោក ម៉ម ទូច ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងថ្មីជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត រីឯប្រធានមន្ទីរខេត្តកំពតត្រូវបានផ្ទេរទៅកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ស្ពឺវិញ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែប បានចូលរួមអបអរសាទរចំពោះការចូលកាន់មុខតំណែងនេះ ទន្ទឹមគ្នានោះដែរ ឯកឧត្តម ក៏បានណែនាំអោយប្រធានថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ត្រូវខិតខំបន្ថែមទៀត ក្នុងការបំពេញទួនាទី ភារកិច្ច ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ត្រូវបន្តធ្វើឲ្យបាននូវការថែរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងភាពជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងអង្គភាព ដោយត្រូវចូលរួមសហការគ្នាអនុវត្តការងារឲ្យមានតម្លារភាព និងប្រសិទ្ធិភាពខ្ពស់។ សូមគូសបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ ទាំងនៅលើការងារគ្រប់គ្រងទូទៅ ការងារសាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕