គ.ជ.ប អំពាវនាវដល់ពលរដ្ឋមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ទៅធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃថ្មីឲ្យបានគ្រប់ៗគ្នា

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៥ ២០២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើងត្រូវទៅធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។ 

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ 

ក្នុងឱកាសចុះពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោតនេះឯកឧត្តមប្រធាន គ.ជ.ប ក៏បានធ្វើបច្ចុប្បន្នភាពដោយការផ្ទេរការិយាល័យបោះឆ្នោតពីឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកកាន់ការិយាល័យបោះឆ្នោតស្ថិតនៅសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ស្របគ្នានឹងក្រុមគ្រួសាររបស់ឯកឧត្តម មកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មី នៅក្នុងសង្កាត់បឹងកក់២នេះផងដែរ។

ឯកឧត្តមបានបន្តថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ(ពីឆ្នាំ២០១៦ចុះក្រោម) សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

បើតាម គ.ជ.ប សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ មានរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២:០០ ដល់ម៉ោង៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។

ការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០២៥ គឺអនុញ្ញាតឱ្យអ្នកមានឈ្មោះក្នុងបញ្ជីសុំកែតម្រូវទិន្នន័យក្នុងករណីមានកំហុសឆ្គង សុំផ្លាស់ប្តូរទីលំនៅ និងចុះឈ្មោះថ្មី ចំពោះអ្នកមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។

ដោយឡែក ចំពោះអ្នកដែលត្រូវធ្វើបច្ចុប្បន្នភាពទៅលើទិន្នន័យជីវមាត្រលើរូបថតថ្មី និងខ្ចៅដៃថ្មី គឺត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត(ឯ.អ) ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន ដោយមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប្រសិនបើមាន៕