ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០២ ០៥ ២៥

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។
   
   ការលើកឡើងរបស់ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មា ធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុនក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។
   ឯកឧត្តម Nishimura Yasutoshi បានសម្តែងនូវការសាទរចំពោះសមិទ្ធផលនានាដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងជប៉ុន និងកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការការដោះមីន ការគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅមូលដ្ឋានសមុទ្ររាម នាពេលថ្មីៗកន្លងទៅនេះ។ 
  ឯកឧត្តម Nishimura Yasutoshi បានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា តាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា តួយ៉ាងដូចជារោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ដែលបានសម្ពោធដាក់ឱ្យដំណើរការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ។ តាមរយៈដំណើរទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ឯកឧត្តម និងក្រុមគ្រួសារ បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសទីពីររបស់ខ្លួនផងដែរ។ 

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តម Nishimura Yasutoshi និងក្រុមគ្រួសារ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេស
សក្តានុពលសម្បូរបែបរបស់កម្ពុជា និងសក្ខីកម្មនៃការរីកចម្រើនរបស់កម្ពុជា ដែលទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព។ 
សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេច បានផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព ដែលសម្តេច បានខិតខំប្រឹងប្រែងពុះពារជម្នះរាល់ឧបសគ្គដោយឥតរាថយ កសាងនិងរក្សាបាននូវសុខសន្តិភាពដែលមានរយៈពេលយូរជាងគេ នៅក្នុងអំឡុងពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយនេះ។ សម្តេចបានសង្កត់ធ្ងន់ថាសង្រ្គាមងាយឆេះ តែពន្លត់ទៅវិញគឺពិបាកជាទីបំផុត។
សម្តេចតេជោ បានថ្លែងអរគុណមិត្តជប៉ុនដែលបានចូលរួមកសាងសន្តិភាពនៅកម្ពុជាចាប់តាំងពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចសហប្រតិបត្តិការប្រទេសទាំង ពីរបានបន្តរីកចម្រើនជាបន្តបន្ទាប់នៅលើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ...។ល។ 
   សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តជប៉ុន តាំងពីជំនាន់ ឯកឧត្តម Shinzo Abe រហូតមកដល់បច្ចុប្បន្ន ដែលជប៉ុន បានជួយកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាលើតម្លៃនៃការដឹកជញ្ជូន, និងការតភ្ជាប់បណ្តាញផ្លូវថ្នល់ ព្រមទាំងស្ពាន រួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្សឹបាសា, ស្ពានគីហ្សូណា...។
  សម្តេចតេជោ បានសម្តែងនូវការអបអរសាទរដែលសមិទ្ធផលនានាកម្ពុជាសម្រេចបាន ដូចជាកំពង់ផែរាម បាននិងកំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។
សម្តេចតេជោ បានបន្តចែករំលែកនូវទស្សននានាពាក់ព័ន្ធនឹងស្ថានការណ៍ចំពោះមុខនៃសង្រ្គាមពាណិជ្ជកម្មដែលកំពុងរីករាលដាលជាសកល និងដែលបានជំរុញការផ្លាស់ប្តូរនូវខ្សែច្រវាក់ផលិតកម្មនៅក្នុងពិភពលោកផងដែរ។
   ឯកឧត្តម Nishimura Yasutoshi បានទទួលស្តាប់ដោយចាប់អារម្មណ៍បំផុត និងសម្តែងនូវក្តីរីករាយដោយទទួលបានការរៀនសូត្រពី សម្តេចតេជោ នាពេលនេះ ជាពិសេស ឯកឧត្តម បានយល់យ៉ាងច្បាស់អំពីទឹកចិត្តសម្តេចក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។ 
ឯកឧត្តម Nishimura Yasutoshi បានថ្លែងថា ឯកឧត្តម ក្នុងនាមប្រទេសជប៉ុន នឹងខិតខំជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។ ឯកឧត្តម Nishimura Yasutoshi មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងចូលរួមចំណែកក្នុងការបើកច្រករបៀងសេដ្ឋកិច្ចថ្មីៗបន្ថែមទៀតជូនកម្ពុជា។
ឯកឧត្តម បានសម្តែងនូវការយល់ស្របនឹងទស្សនសម្តេចតេជោ ពាក់ព័ន្ធនឹងស្ថានភាពនៃសង្រ្គាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងជឿជាក់ថា តាមរយៈការបន្តកិច្ច ពិភាក្សា យើងនឹងអាចស្តារស្ថាន ភាពឱ្យបានល្អប្រសើរឡើងវិញ៕

ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ជប៉ុន ប្តេជ្ញាបន្តពង្រឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា