វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២ ឧសភា ២៥
អន្តរជាតិ៖ លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអបអរសាទរវៀតណាមក្នុងខួបលើកទី៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី២០ ខែមេសា ឆ្នាំ ១៩៧៥-២០២៥) ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សលោក To Lam។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Costa បានសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនសិការរបស់ពិភពលោកទាំងមូលផងដែរ។ ចំណែកលោក Lam បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប (EU) និងប្រធានក្រុមប្រឹក្សាអឺរ៉ុបផ្ទាល់ចំពោះការអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសនេះ។ លោកបានកត់សម្គាល់ថា ជ័យជម្នះមិនត្រឹមតែជាលទ្ធផលនៃឯកភាពជាតិដ៏អស្ចារ្យ និងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមចំពោះសន្តិភាព ឯករាជ្យ សេរីភាព និងការបង្រួបបង្រួមជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីអំណាចនៃសេចក្តីប្រាថ្នារួម និងការគាំទ្រអន្តរជាតិសម្រាប់សន្តិភាព និងឯករាជ្យជាតិផងដែរ។ លោក Lam បានថ្លែងអំណរគុណចំពោះប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលបានយកចិត្តទុកដាក់ និងគាំទ្រចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ លោកបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់ និងទូលំទូលាយនៃទំនាក់ទំនងទ្វេភាគីពីនយោបាយ ការទូត ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ ទៅកាន់វិស័យថ្មីៗដូចជា ការផ្លាស់ប្តូរបៃតង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកបានអះអាងថា បន្ទាប់ពីទំនាក់ទំនងការទូតរយៈពេល ៣៥ឆ្នាំមកនេះទាំងវៀតណាម និង EU ក៏ដូចជាទំនាក់ទំនងរបស់ពួកគេនាពេលនេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕