វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២ ឧសភា ២៥
អន្តរជាតិ៖ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃបានថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចថៃ-កូរ៉េ នៅទីក្រុងសេអ៊ូល ដោយលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែរឹងមាំរវាងប្រទេសថៃ និងសាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូងដែលរៀបចំឡើងដោយស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល អាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃដើម្បីលើកកម្ពស់ការវិនិយោគនៅក្នុងឧស្សាហកម្មជំនាន់ក្រោយ។ នៅក្នុងសុន្ទរកថារបស់អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ គឺបានអញ្ជើញវិនិយោគិនកូរ៉េខាងត្បូងឱ្យស្វែងរកឱកាសនៅក្នុងវិស័យបៃតង និងឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសថៃ រួមទាំងរថយន្តអគ្គិសនី ថាមពលស្អាត ជីវបច្ចេកវិទ្យា អេឡិចត្រូនិកទំនើប បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មការពារជាតិ។ លោកបានបញ្ជាក់ថា ទីតាំងយុទ្ធសាស្ត្រ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ ដូចជាច្រករបៀងសេដ្ឋកិច្ចភាគខាងកើតដើម្បីគាំទ្រតួនាទីរបស់ប្រទេសជាមជ្ឈមណ្ឌលវិនិយោគក្នុងតំបន់។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកូរ៉េខាងត្បូងមានមានចំនួន ១៤,៧៤ ពាន់លានដុល្លារដោយប្រទេសថៃបាននាំចេញទំនិញ ៦,០៧ ពាន់លានដុល្លារ និងនាំចូល ៨,៦៧ ពាន់លានដុល្លារ៕