វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២ ឧសភា ២៥
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ក្រុមមន្រ្តីរបស់សហរដ្ឋអាម៉េរិកបានទាក់ទងមកកាន់សមភាគីចិន ដើម្បីស្នើកិច្ចពិភាក្សាអំពីសង្រ្គាមពាណិជ្ជកម្ម ដែលបានជះផលប៉ះពាល់យ៉ាងខ្លាំងចំពោះទីផ្សារហិរញ្ញវត្ថុពិភពលោក និងខ្សែចង្វាក់ផ្គត់ផ្គង់សកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីខែមេសាកន្លងទៅសហរដ្ឋអាម៉េរិកបានដំឡើងពន្ធគយដល់ ១៤៥ភាគរយលើទំនិញចិនភាគច្រើន ហើយជាការឆ្លើយតបទីក្រុងប៉េកាំងបានដំឡើងពន្ធ ១២៥ភាគរយវិញ ទៅលើទំនិញអាម៉េរិក។ លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងដដែលៗថា ចិនបានទាក់ទងទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីសុំការចរចាបញ្ហាពន្ធគយ ប៉ុន្តែទីក្រុងប៉េកាំង បានបដិសេធជារឿងមិនពិត ហើយថាមិនទាន់មានការចរចាគ្នានៅឡើយទេ។ តាមសារព័ត៌មានចិនដែលមានទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន គឺបានរាយការណ៍ថា ទីក្រុងវ៉ាស៉ីនតោនបាននិងកំពុងទាក់ទងយ៉ាងសកម្ម មកកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង តាមច្រកទំនាក់ទំនងផ្សេងៗ ដើម្បីស្នើឱ្យមានកិច្ចពិភាក្សាជុំវិញរឿងពន្ធគយ។ សារព័ត៌មានចិននោះ បានគូសបញ្ជាក់បន្ថែមថា "បើតាមទស្សនៈនៃការចរចា សហរដ្ឋអាម៉េរិកបច្ចុប្បន្ន គឺជាភាគីដែលមានការភ័យព្រួយខ្លាំងជាង ខណៈរដ្ឋបាលលោក ត្រាំ កំពុងប្រឈមសម្ពាធជាច្រើន"៕