វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២ ឧសភា ២៥
អន្តរជាតិ៖ លោក Han Duck-soo អតីតនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងបានប្រកាសថា លោកនឹងឈរឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការប្រកាសខាងលើរបស់លោក Han Duck-soo នៅឯសភាជាតិកើតមានឡើង ១ខែ មុនប្រជាជនកូរ៉េខាងត្បូងត្រូវបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោក Yoon Suk Yeol អតីតប្រធានាធិបតីដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង។ នៅមុនការប្រកាសឈរឈ្មោះ លោក Han ធ្លាប់ស្ថិតនៅក្នុងចំណោមអ្នកនយោបាយ អភិរក្សនិយមមានប្រជាប្រិយភាព ដើម្បីប្រកួតប្រជែងជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រឆាំង លោក Lee Jae-myung។ គួរបញ្ជាក់ថា នៅក្នុងការប្រកាសឈរឈ្មោះរបស់លោក Han Duck-soo ក៏បានសន្យាដែរថាលោកនឹងដឹកនាំការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអាណត្តិប្រធានាធិបតីឱ្យមានរយៈពេលខ្លីជាមុន ហើយនឹងប្រើប្រាស់ជំនាញសេដ្ឋកិច្ចរបស់លោក ដើម្បីដោះស្រាយវិបត្តិនៅក្នុងពាណិជ្ជកម្ម៕