សម្តេចធិបតី៖ កម្ពុជា ចាត់ទុកសារព័ត៌មាន​ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមចំណែក ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០២ ០៥ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម ។
   

 យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងឱកាសដែលបណ្តាប្រទេសនានា​ នៅលើពិភពលោក ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ ប្រចាំឆ្នាំដ៏មានសារៈសំខាន់ ក្នុងវិស័យសារព័ត៌មាន, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរ និងជូនពរអ្នកសារព័ត៌មានខ្មែរ និងបរទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចនឿយហត់ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ខ្លួន ជូនដល់សាធារណជន។
ក្នុងសារលិខិតរបស់សម្តេចធិបតី លើកទឹកចិត្ត ដល់ក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន បន្តអនុវត្តឱ្យខ្ជាប់ខ្ជួនព្រោះក្រមសីលធម៌វិជ្ជាជីវៈជា អាវក្រោះ ការពារអ្នកសារព័ត៌មានគ្រប់កាលៈទេសៈ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា "ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ នៅកម្ពុជា យើងទទួលស្គាល់ការចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយកព័ត៌មាន ពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខ ក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបាន ដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជូនប្រជាពលរដ្ឋ និងការភ្ជាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលដោះស្រាយ"៕

សម្តេចធិបតី៖ កម្ពុជា ចាត់ទុកសារព័ត៌មាន​ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមចំណែក ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស