វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០២ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានភាពសម្បូណ៌បែប ខណៈដែលការរីកចម្រើន និងភាពសម្បូណ៌បែបនេះ ក៏បានកត់សម្គាល់ពីការប្រើប្រាស់ឧត្តមភាព ផ្នែកបច្ចេកវិទ្យាដោយអសីលធម៌ និងការមិនទទួលខុសត្រូវ ជាពិសេសការបង្កើតដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបន្លំ ក្នុងចេតនាទុច្ចរិត បង្កការភាន់ច្រឡំ ចលាចលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សង្គម ។
យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ការរាយការណ៍ ក្នុងពិភពលោកថ្មីដ៏ក្លាហាន, ផលប៉ះពាល់ នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដោយផ្តោតជាសំខាន់លើបរិបទ នៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួល នៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។
ក្នុងសារលិខិតរបស់សម្តេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានភាពសម្បូណ៌បែប ដែលជាមធ្យោបាយផ្តល់ព័ត៌មាន ចម្រុះសម្រាប់សាធារណជន ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា "ជាមួយការរីកចម្រើន និងភាពសម្បូណ៌បែប យើងទាំងអស់គ្នាក៏បានកត់សម្គាល់ ពីការប្រើប្រាស់ឧត្តមភាព ផ្នែកបច្ចេកវិទ្យាដោយអសីលធម៌ និងការមិនទទួលខុសត្រូវ ជាពិសេសការបង្កើតដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបន្លំ ក្នុងចេតនាទុច្ចរិត បង្កការភាន់ច្រឡំ ចលាចលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សង្គម វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិផងដែរ"។
សារលិខិតដដែលនេះ បញ្ជាក់បន្ថែមថា ក្នុងកាលៈទេសៈដែលពិភពលោក កំពុងជួបប្រទះវិបត្តិជម្លោះ ប្រដាប់អាវុធ និងសង្គ្រាមពាណិជ្ជកម្ម ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវតែមានអភិបាលកិច្ច និងការទទួលខុសត្រូវខ្ពស់ តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់និង ស្ថិរភាពសង្គម។ ក្នុងន័យនេះ ចាំបាច់ត្រូវបន្ត និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីផ្តល់ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ទាំងក្នុងតំបន់ និងលើសកលលោក៕