សម្តេចធិបតី៖ លំហសេរីភាពសារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០២ ០៥ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មាន ត្រូវបានរៀបចំកាន់តែប្រសើរ។ 
   

 យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា យោងតាមជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩, ការវាយតម្លៃតាមចំនួន​ ឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួន បង្ហាញថាចំនួនគ្រួសារពលរដ្ឋ ៩២ភាគរយ ទទួលបានព័ត៌មាន តាមគ្រប់មធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី របស់រដ្ឋនិងឯកជន និងចំនួនគ្រួសារពលរដ្ឋ ៧០ភាគរយ ទទួលបានព័ត៌មាន ពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់រដ្ឋ និងឯកជន។ 

ក្នុងសារលិខិតរបស់សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក តិកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ ជាមធ្យោបាយ​ក្នុងការផ្សព្វផ្សាយព័ត៌មាន និងទទួលព័ត៌មាន។ 

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា "ក្នុងថ្ងៃប្រារព្ធ ទិវាសេរីភាពសារព័ត៌មាន លើកទី៣២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មាន ត្រូវបានរៀបចំកាន់តែប្រសើរ"។ 

សារលិខិតដដែលនេះ បញ្ជាក់បន្ថែមថា ការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ ដោយត្រូវប្រកាន់ខ្ជាប់ ក្នុងអាជីពជាអ្នកសារព័ត៌មាន៕

សម្តេចធិបតី៖ លំហសេរីភាពសារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់