វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តតាកែវ
តាកែវ៖ ក្រុមអ្នកសារព័ត៌មានដែលបម្រើការងារតាមវិទ្យុ កាសែត ទូរទស្សន៍ និងអនឡាញ នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ នេះ បានជួបជុំគ្នានៅមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានថ្លែងឱ្យដឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នឹងទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា ព្រោះព័ត៌មានក្លែងក្លាយសុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ហើយវាអាចបង្កឱ្យមានការបែកបាក់សាមគ្គីភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមផងដែរ។
លោកប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ក៏អំពាវនាវដល់អ្នកសារព័ត៌មាននៅក្នុងខេត្តតាកែវ មុននឹងធ្វើការផ្សព្វផ្សាយអ្វីមួយ ត្រូវធ្វើការពិនិត្យផ្ទាងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយ ព័ត៌មានត្រូវមានប្រភព ច្បាស់លាស់ ព្រោះអ្នកសារព័ត៌មានជាតួអង្គដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
កញ្ញា ឃុន ណារី អ្នកសារព័ត៌មានវិទ្យុគូដធម៌ បានថ្លែងឱ្យដឹងថា ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ នឹងធ្វើការផ្សព្វផ្សាយព័ត៌មានណាដែលពិតប្រាកដ ច្បាស់លាស់ មានប្រភពច្បាស់ មិនក្លែងក្លាយ ជាពិសេសមិនចែករំលែកព័ត៌មានក្លែងក្លាយនោះទេ។
លោក ពៅ សុខន អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្តតាកែវ ឱ្យចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន គឺ «ម.៣ និង ផ.១» គឺ មិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ។ «ផ.១» គឺ ផ្សព្វផ្សាយតែព័ត៌មានពិត ព័ត៌មានត្រឹមត្រូវ និងព័ត៌មានដែលមានប្រភពច្បាស់លាស់ ។
លោក ប៉ូរ៉ែន អ្នកសារព័ត៌មានប្រចាំខេត្តតាកែវ សូមមេត្តាកុំចែករំលែកព័ត៌មានក្លែងក្លាយ ព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ ហើយនៅពេលដែលបងប្អូនចែករំលែកព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ធ្វើនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រទេស ជាពិសេសសូមចូលរួមទប់ស្កាត់ និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយនេះចេញពីសង្គមជាតិរបស់យើង ៕