វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ឈឿន ថៃកឿ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ ផ្លូវកៅស៊ូមួយប្រវែងជាង១០គីឡូម៉ែត្រ ឆ្លងកាត់ចំនួន៦ភូមិ ត្រូវបានស្ថាបនា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងឆ្លើយតប តម្រូវការប្រជាពលរដ្ឋឃុំព្រៃត្រឡាចនៃស្រុករុក្ខគីរី ដែលចួបការលំបាកអស់ឆ្នាំកន្លងមកហើយ ។
ក្នុងទឹកមុខញញឹម សប្បាយរីករាយ លោក ឃុន ថេង អាយុ៦៥ឆ្នាំ រស់នៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរីខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា កាលពីមុនផ្លូវនេះមានភាពលំបាកធ្វើដំណើរណាស់ ចង្ហុកច្រើន ហើយក៏មិននឹកស្មានថាគេធ្វើផ្លូវកៅស៊ូឱ្យនោះដែរ ។
លោកបានបន្ដថានៅពេលមានគេធ្វើផ្លូវកៅស៊ូមួយខ្សែនេះឡើង ប្រជាពលរដ្ឋមានភាពត្រេកអរណាស់ ពិសេសផ្លូវស្រួល អាចជួយដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅនេះទៅនោះឬទៅផ្សារ បានលឿនជាងមុន ។
ចំណែកឯក លោក លាង តុលា ប្រកបមុខរបរ ជាជាងជួសជុលម៉ូតូ អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាចបានឱ្យដឹងថា លោកមានអារម្មណ៌រំភើបសប្បាយចិត្តយ៉ាងខ្លាំង នៅពេលគេបានធ្វើផ្លូវកៅស៊ូនេះ កាលពីមុនផ្លូវលំបាកណាស់ ឥឡូវផ្លូវស្រួលធ្វើដំណើរទៅមក ហើយការរកស៊ីក៏ងាយទៅតាមហ្នឹងដែរ ។
លោក ភិន ផុន មេឃុំព្រៃត្រឡាចនៃ ស្រុករុក្ខគីរីបានថ្លែងឱ្យដឹងថា ថ្មីៗឃុំទទួលបាន ផ្លូវកៅស៊ូមួយខ្សែមានប្រវែងជាង១០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូសាលាស្រុក ឆ្លង់កាត់ភូមិព្រៃខ្លូត ភូមិប៉ែន ភូមិព្រៃត្រឡាច ភូមិរូង១ សមិទ្ធផលផ្លូវនេះពិតជាសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងឃុំ ។ លោកបានបន្ដថា រាល់ឆ្នាំផ្លូវនេះ មុនការសាងសង់ ខូចខាត់និងជួសជុលរាល់ឆ្នាំ បើមិនជួសជុលទេ ដឹកកសិផលដំណាំផ្សេងៗ មិនបានទេ ។ លោកបានបន្ថែមថា បានរាជរដ្ឋាភិបាលឱ្យផ្លូវមួយខ្សែនេះ មានប្រយោជន៍ធំធេងណាស់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទាំងក្នុងស្រុកនិងក្នុងឃុំ ។
លោកមេឃុំ សូមអំពាវនាវនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមជួយថែរក្សាផ្លូវកៅស៊ូនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះយើងមិនងាយទទួលបានផ្លូវកៅស៊ូនោះទេ។ មួយវិញទៀតរដ្ឋបាលឃុំ មិនអនុញាតឱ្យមានការដឹកលើសទម្ងន់កំណត់ឬ បើកគោយន្ដដាក់កង់ដែកឆ្លង់កាត់នោះទេ ព្រោះវាអាចធ្វើឱ្យខូចផ្លូវជាដើម ៕