អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា
លោកអ្នកនាងស្តាប់ជាទីមេត្រី!
បច្ចុប្បន្នទោះបីចូលដល់ដើមរដូវវស្សា ប៉ុន្តែអាកាសធាតុនៅតែក្តៅខ្លាំង បានបង្កហានិភ័យទៅដល់សុខភាពកុមារតូច ដែលធ្វើឱ្យពួកគេងាយជួបប្រទះជំងឺជាច្រើនប្រភេទដែលមានដូចជា៖ ក្តៅខ្លួន រាករូស រលាកបំពង់ក រលាកផ្លូវដង្ហើម ផ្តាសាយ និងក្អកជាដើម។ ជាមួយគ្នានេះដែរ លោកប្រធាន មន្ទីរពេទ្យកុមារជាតិ បានអំពាវនាវដល់អាណាព្យាបាលកុមារតូច ត្រូវចេះបង្កើនការប្រុងប្រយ័ត្នមើលថែរក្សាកូនជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗនៅក្នុងរដូវក្តៅ។ តទៅនេះសូមលោកអ្នកនាងអញ្ជើញស្តាប់និងទស្សនាបទយកការណ៍របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក្រោមប្រធានបទ៖ អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ដែលកំពុងប្រឈមទៅលើកុមារតូចៗ ខណៈអាកាសធាតុឡើងកម្តៅខ្លាំងដូចតទៅ។
អាណាព្យាបាលកុមារតូចជាច្រើននាក់ បានបញ្ជូនកូនមកកាន់មន្ទីរពេទ្យកុមារជាតិ ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺកូនៗឱ្យបានទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ អាណាព្យាបាលកុមារតូចបានយល់ឃើញថា ការយកកូនមកកាន់មន្ទីរពេទ្យភ្លាមៗ គឺដើម្បីជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលឱ្យកូនមានគ្រោះថ្នាក់ដល់អាយុជីវិត។
បើតាមលោកវេជ្ជបណ្ឌិត ញឹម អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានលើកឡើងពីកត្តាប្រឈមទៅនឹងអាកាសធាតុ ដែលអាចធ្វើឱ្យកុមារតូចៗ ឆ្លងនូវជំងឺផ្សេងៗនៅក្នុងរដូវក្តៅបាន ដែលនេះត្រូវទាមទារឱ្យមានយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ថែមទៀតទៅលើក្មេងតូចៗ ដើម្បីឱ្យពួកគេបានជៀសផុតពីជំងឺនានា នៅក្នុងអំឡុងពេលអាកាសធាតុក្តៅនេះ។
សំឡេង១៖«ជាទូទៅជំងឺកុមារវាពាក់ព័ន្ធទី១ គឺមេរោគផ្ទាល់ទី២ពាក់ព័ន្ធជាមួយនឹងអាកាសធាតុដែរ។ អីចឹងអាកាសធាតុក្តៅ កាលណាក្មេងយើងប៉ះពាល់នឹងអាកាសធាតុប្រែប្រួលនិយាយទៅត្រជាក់ខ្លាំងក៏ឈឺក្តៅខ្លាំងក៏ឈឺក្មេង។ ហើយជំងឺក្មេងដែលពាក់ព័ន្ធនឹងអាកាសធាតុហ្នឹងវាច្រើនតែធ្វើទុក្ខទៅលើប្រព័ន្ធផ្លូវដង្ហើមដូចជារលាកបំពង់ក រលាកច្រមុះ រលាកសួតអីហ្នឹង រលាកខ្លះក៏រលាកផ្លូវបំពង់បញ្ចេញសំឡេងវាអាចមានអីចឹងដែរ»។
ស្របពេលជាមួយគ្នានេះ លោកប្រធានមន្ទីរពេទ្យខាងលើ ក៏បានក្រើនរំលឹកដល់អាណាព្យាបាលឱ្យប្រុងប្រយ័ត្នខ្ពស់លើកូនតូចៗ ព្រោះពួកគេអាចងាយប្រឈមទៅនឹងជំងឺឆ្លងជាច្រើនប្រភេទ។
សំឡេង២៖«កាលណាក្មេងនៅក្នុងរដូវក្តៅហ្នឹង ដើម្បីជៀសវាងការប្រឈមទៅនឹងជំងឺបៀតបៀនអាកាសធាតុហ្នឹងឪពុកម្តាយគួរតែរៀបចំឱ្យក្មេងហ្នឹងស្ថិតនៅក្នុងកន្លែងមួយដែលមានអាកាសធាតុហ្នឹងសមល្មមយើងគិតថាខ្ទង់រង្វង់អាកាសធាតុ២៧ឬ ២៨អង្សាសេហ្នឹងគឺល្អហើយសម្រាប់អាកាសធាតុនៅក្នុងស្រុកខ្មែរយើង អីចឹងបើក្មេងហ្នឹងវាមិននៅក្នុងអាកាសធាតុដែលល្អគឺវាអត់សូវឈឺទេ ទី២បើវាចេញក្រៅត្រូវតែអាកាសធាតុក្តៅខ្លាំងហើយកាលណាខែប្រាំងអីចឹងដីវាហុយក៏ជាបញ្ហាមួយទៀតដែរ វាក៏បង្កើតឱ្យមានធូលីចូលទៅក្នុងភ្នែកក្មេងហ្នឹង ក៏វាធ្វើឱ្យក្មេងហ្នឹងកើតជំងឺឈឺភ្នែក»។
យ៉ាងនេះក្តី លោកវេជ្ជបណ្ឌិតក៏សូមអំពាវនាវដល់អាណាព្យាបាលកុមារគ្រប់រូប ត្រូវចេះស្វែងយល់ដឹងពីរបៀបបង្ការ និងវិធានការការពារផ្សេងៗទៅលើកូនរបស់លោកអ្នក ដើម្បីអាចជួយពួកគេឱ្យមានសុខភាពល្អផងដែរ។ ថ្វីត្បិតតែនៅក្នុងអំឡុងពេលឈានចូលដល់រដូវក្តៅនេះ កុមារភាគច្រើនតែងកើតមានជំងឺក្តៅខ្លួន រាករូស រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកសួត ផ្តាសាយ និងក្អកក៏ពិតមែន ប៉ុន្តែអ្វីដែលមន្ទីរពេទ្យកុមារជាតិ បានទទួលប្រភេទជំងឺកុមារច្រើនជាងគេ គឺមានជំងឺរលាកសួត ផ្លូវដង្ហើម និងរលាកបំពង់ក។
បើទោះបីជា មានការក្រើនរម្លឹកនិងការព្រមានយ៉ាងច្បាស់ៗ ពីក្រុមវេជ្ជបណ្ឌិតពាក់ព័ន្ធទៅនឹងការបៀតបៀនពីអាកាសធាតុ ដែលនាំឱ្យកុមារកើតមាននូវជំងឺឆ្លងផ្សេងៗ នៅក្នុងរដូវក្តៅនេះយ៉ាងណាក៏ដោយ ប៉ុន្តែអាណាព្យាបាលកុមារមួយចំនួនក៏មានយល់ដឹងខ្លះៗ ពីរបៀបថែទាំកូន និងការព្យាបាលសង្គ្រោះបឋមនៅពេលកូនមានអាការៈឈឺតិចតួច ព្រមទាំងការយកកូនមកមន្ទីរពេទ្យ បើក្នុងករណីឪពុកម្តាយសង្ស័យថា កូនអាចវិវត្តទៅរកភាពធ្ងន់ធ្ងរ។
បើយោងតាមលោក សួង សឿន អាយុ៤១ឆ្នាំ ប្រជាពលរដ្ឋមកពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុហាក់ឡើងកម្ដៅខ្លាំង ដោយគិតចាប់ពីខែមីនា មេសា និងខែឧសភាផងដែរ។ លោកបានបន្តថា ការឡើងកម្តៅសីតុណ្ហភាព បានជះឥទ្ធិពលធ្វើឱ្យមានផលប៉ះពាល់ទៅដល់សុខភាពកុមារខ្លាំង ពិសេសអាចបង្កឱ្យពួកគាត់មានជំងឺផ្តាសាយ ផ្លូវដង្ហើម និងរលាកសួតផងដែរ។
សំឡេង៣៖ សម្រាប់អាកាសធាតុបច្ចុប្បន្នក៏ដូចជា យើងនិយាយឱ្យចំទៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការក្តៅខ្លាំងជាពិសេសនៅក្នុងអំឡុងពេលខែ៣ ខែ៤ ខែ៥នេះគឺក្តៅខ្លាំងតែម្តង ហើយបញ្ហាអាកាសធាតុក្តៅខ្លាំងនេះវាបានជះឥទ្ធិពលជាច្រើនទៅដល់ទាំងរុក្ខជាតិនិងមនុស្សទាំងសត្វជា ពិសេសគឺមនុស្សយើងតែម្តង ហើយមនុស្សហ្នឹងគឺផលប៉ះពាល់ខ្លាំងជាងគេគឺកុមារតែម្តង។ កុមារបើយើងផ្តោតសំខាន់ជាងគេឥឡូវនេះពាក់ព័ន្ធនឹងផ្តាសាយ ផ្លូវដង្ហើមនិងពាក់ព័ន្ធនឹងរលាកសួត អ៊ីចឹងនិយាយរួមទៅគឺប្រពន្ធដង្ហើមរបស់គាត់គឺធ្វើទុក្ខមុនគេតែម្តង»។
ដោយសារតែអាកាសធាតុក្តៅខ្លាំងយ៉ាងដូច្នេះ ទើបធ្វើឱ្យលោក សួង សឿន មានការព្រួយបារម្ភអំពីសុខភាពកូនរបស់គាត់ ដូច្នេះលោកបានឆ្លៀតពេលយកកូនមកទីក្រុងភ្នំពេញ ដើម្បីពិនិត្យសុខភាពកូនផង ព្រមជាមួយនឹងការចុះបំពេញបេសកកម្មនៅទីក្រុងភ្នំពេញដែរ។
សំឡេង៤៖«សម្រាប់កូនខ្ញុំមិនទាន់ថាជាឈឺទេប៉ុន្តែ រឿងអ្វីដែលសំខាន់យើងអត់ទុកបណ្តោយឱ្យហួសនោះទេ កាលណាមានអាកាសធាតុប្រែប្រួលស្ថានភាពគាត់លំបាកគេង ឬក៏អាហារគាត់រាងប្រែប្រួលគឺយើងយកមកពេទ្យតែម្តង គឺយកមកពិគ្រោះតែម្តង។ នៅក្នុងផ្ទះរបស់ខ្ញុំគឺយើងមានគេហៅថា Kids សម្រាប់សង្គ្រោះបឋមព្រោះម្តាយរបស់គាត់ក៏ជាគិលានុបដ្ឋាកដែរអីចឹងយើងបានសង្គ្រោះ បឋម ហើយជាទូទៅកូនខ្ញុំអត់សូវឈឺទេកម្រឈឺណាស់ខ្ញុំមានកូន២តូចៗតែកម្រឈឺ។ កូនខ្ញុំដែលមកនេះ គឺខ្ញុំមានបេសកកម្ម ខ្ញុំអ្នកពោធិ៍សាត់ទេ ខ្ញុំមានបេសកកម្មមកប្រជុំនៅភ្នំពេញផង ក៏យកកូនឆែកសុខភាពតែម្តងទៅ»។
ជុំវិញរឿងនេះដែរ អ្នកស្រី សោម ស្រីនាង អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋមកពីខណ្ឌដង្កោ ក្រុងភ្នំពេញ បានបីកូននៅក្នុងដៃ ហើយអង្គុយរង់ចាំគ្រូពេទ្យហៅឈ្មោះចូលទៅពិនិត្យ នៅមន្ទីរពេទ្យកុមារជាតិ។
សំឡេង៥៖«កូនខ្ញុំឈឺក្អកនិងផ្តាសាយ ខ្ញុំមានការព្រួយបារម្ភព្រោះក្មេងឥឡូវនេះឈឺច្រើន ហើយកូនខ្ញុំក៏ឧស្សាហ៍ឈឺដែរ។ ចាសព្រោះខែក្តៅនេះកូនខ្ញុំឈឺច្រើន អីចឹងខ្ញុំមានការព្រួយបារម្ភច្រើន ព្រោះវាប៉ះពាល់សុខភាពទូទៅ ព្រោះអាកាសធាតុហ្នឹងវារាងក្តៅខ្លាំង»។
បើនិយាយអំពីវិធីបង្ការការពារកូននៅក្នុងរដូវក្តៅនេះវិញ អ្នកស្រី សោម ស្រីនាង បានអនុវត្តនូវវិធានការមួយដែលមានដូចជា ឱ្យកូនផឹកទឹកឱ្យបានច្រើន ឱ្យកូនគេងនៅក្នុងមុង និងសម្រាកឱ្យបានគ្រប់គ្រាន់ព្រមទាំងការថែទាំតាមរយៈ ការធ្វើអនាម័យលើសរីរាង្គកាយរបស់កូនៗផងដែរ។
សំឡេង៦៖«ឱ្យគាត់ញុំាទឹកឱ្យបានច្រើនសម្រាកឱ្យបានគ្រប់គ្រាន់ ហើយអនាម័យគាត់ឱ្យបានល្អ ឱ្យគាត់គេងឱ្យគ្រប់គ្រាន់។ ចង់ឱ្យប៉ាម៉ាក់កុមារគ្រប់រូបហ្នឹងគាត់មើលថែកុមារដោយយកចិត្តទុកដាក់ឱ្យកុមារញុំាទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ មើលអនាម័យឱ្យបានល្អ។
មិនខុសពីអ្នកស្រី សោម ស្រីនាងប៉ុន្មានទេ ប៉ុន្តែបើតាមបងប្រុស ស៊ីម សុភក្ក្រ័ អាយុ៤៣ឆ្នាំ ប្រជាពលរដ្ឋមកពីសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញបានឱ្យដឹងថា មូលហេតុដែលគាត់យកកូនមកមន្ទីរពេទ្យនេះ គឺដោយសារកូនគាត់មានអាការៈក្តៅខ្លួននិងក្អកខ្លាំង។ បងប្រុសបន្តថា ជាញឹក
ញាប់កូនរបស់របស់បងប្រុស ឧស្សាហ៍ឈឺនៅពេលមានអាកាសធាតុក្តៅ ជាពិសេសគឺជំងឺក្អកនិងក្តៅខ្លួន គឺញឹកញាប់តែម្តង។
សំឡេង៧៖« ពិបាក ពេលគាត់ឈឺម្តងៗសម្រាប់កូនពៅនេះខ្ញុំឈឺម្តងៗបើយើងមើលអត់ទាន់ទេច្បាស់ជាគេងពេទ្យហើយ ព្រោះទើបតែគេងពេទ្យអស់៧ថ្ងៃដែរថ្ងៃចូលឆ្នាំមានបានចូលឆ្នាំណាឈឺ។ ដោយសារអាកាសធាតុក្តៅគឺភាគច្រើនគាត់ចេញរោគសញ្ញាដែលគាត់ប្រឈមមុខគឺក្អកតែម្តងតែក្អកយូរៗគាត់ទៅជារលាកបំពង់ក រលាកបំពង់កយូរទៅធ្វើឱ្យសួតរបស់គាត់មានបញ្ហា»។ នៅពេលដែលកូនឈឺគឺចំណាយពេល ខាតការងារ ម្តាយត្រូវតែផ្អាកលក់មកជួយមើល ហើយយើងដែលធ្វើការនែក! ត្រូវរត់ទៅរត់មកអារម្មណ៍វាអត់នៅក្នុងខ្លួន អីចឹងមានន័យថាវាប្រឈមមុខបញ្ហាច្រើនសម្រាប់កូនឈឺ។
បន្ថែមពីនេះបងប្រុសស៊ីម សុភ័ក្ក្រ ក៏បានសំណូមពរដល់ឪពុកម្តាយ និងអាណាព្យាបាលក្មេងគ្រប់រូប ត្រូវយកចិត្តទុកដាក់ជាមួយនឹងសុខភាពកូនឱ្យបានច្រើន ព្រោះថាពេលខ្លះក្មេងដែលឈឺគឺមិនអាចនិយាយប្រាប់ឪពុកម្តាយបាននោះទេ ប៉ុន្តែដល់ពេលគាត់មានអាការៈធ្ងន់ធ្ងរ ទើបគាត់ប្រាប់ ដូច្នេះឪពុកម្តាយឧស្សាហ៍សង្កេតមើលកូនទាក់ទងជាមួយនឹងការរស់នៅ និងការថែរក្សាកូន ដោយធ្វើអនាម័យកូនជាប្រចាំ ព្រមទាំងការហូបចុកជាដើម។
លោកអ្នកនាងស្តាប់ជាទីមេត្រី!
អាកាសធាតុនៅប្រទេសកម្ពុជាកាន់តែមានកម្តៅខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ នៅកម្ពុជាអាកាសធាតុត្រូវបែងចែកជាពីររដូវ គឺរដូវប្រាំងនិងរដូវវស្សា។ រដូវវស្សាគិតចាប់ពីរខែឧសភាដល់ខែតុលា រីឯរដូវប្រាំង គឺគិតចាប់ពីខែវិច្ឆិកាដល់ខែមេសា។ ទន្ទឹមនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាផងដែរ លោកប្រធាននៃមន្ទីរពេទ្យកុមារជាតិ បានផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួន សម្រាប់ធ្វើការណែនាំទៅកាន់អាណាព្យាបាល ដើម្បីបង្ការការពារកូនតូចៗពីជំងឺដង្កាត់ផ្សេងៗផងដែរ។
ដើម្បីបញ្ជៀសកូនពីផលអាក្រក់ អាណាព្យាបាលត្រូវធ្វើការសង្កេតកូនអ្នកឱ្យបានទៀងទាត់ ហើយប្រសិនបើ ពួកគេស្រេកទឹក បែកញើស មានអារម្មណ៍ក្តៅ ក្អួត មាត់ស្ងួត ឬឈឺក្បាលជាដើម។ ប្រសិនបើកូនរបស់អ្នក មានអាការៈមិនស្រួល ក្តៅខ្លួនខ្លាំង វិលមុខ ឬដកដង្ហើមញាប់ៗ សូមយកពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។
ជាមួយគ្នានេះ អាណាព្យាបាលត្រូវឱ្យកូនស្លៀកពាក់ខោអាវរលុង ព្រោះវាអាចជួយការពារការរលាកដោយកម្តៅ និងឡើងកម្តៅបាន។ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺអាណាព្យាបាលត្រូវបំបៅដោះកូនក្រោមអាយុ៦ខែ ដោយទឹកដោះម្តាយតែមួយមុខគត់។ ក្នុងនោះម្តាយដែលបំបៅដោះកូន គួរតែទទួលទានទឹកឱ្យបានច្រើន ព្រោះការខ្វះជាតិទឹក អាចប៉ះពាល់ដល់ការ ផលិតទឹកដោះ៕