វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាននិងសាធារណជន ដើម្បីឱ្យខ្លឹមសារព័ត៌មានដែលផ្សព្វផ្សាយប្រកបដោយគុណភាព និងគោរព គោលការណ៍គ្រឹះផ្នែកសារព័ត៌មាន និងធានាបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
តាមរយៈសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយចូលរួមអបអរសាទរ និងជូនពរបងប្អូនអ្នកសារព័ត៌មានខ្មែរ និងបរទេស ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចនឿយហត់ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ខ្លួនជូនដល់ សាធារណជន។
សម្តេចធបវរធីបតី ហ៊ុន ម៉ាណែត បានបន្តថា ទិវាសេរីភាពសារព័ត៌មាននេះ ជាថ្ងៃដ៏មានអត្ថន័យ ដែលរំឭកពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ ក៏ដូចជាទិវារំឭកដល់វីរភាព និងការលះបង់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតត្រឹមត្រូវជូនសាធារណជន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ-ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន: ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» ដោយផ្តោតជាសំខាន់លើបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។ ការណ៍នេះទាមទារឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមាន អ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាននិងសាធារណជន ដែលជាអ្នកទទួលនិងប្រើប្រាស់ព័ត៌មាន ត្រូវមានចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មឌីជីថល ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺការធានា បានសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ខ្លឹមសារព័ត៌មានដែលផ្សព្វផ្សាយប្រកបដោយគុណភាព និងគោរព គោលការណ៍គ្រឹះផ្នែកសារព័ត៌មាន និងធានាបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់៕