វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាននិងកំពុងប្រតិបត្តិការមានចំនួនជាង ១៦០០ អង្គភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានភាពសម្បូរបែបដែលជាមធ្យោបាយផ្តល់ព័ត៌មានចម្រុះសម្រាប់សាធារណជន។ យោងតាមជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ការវាយតម្លៃតាមចំនួនឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនបង្ហាញថាចំនួនគ្រួសារពលរដ្ឋ ៩២ភាគរយ ទទួលបាន ព័ត៌មានតាមគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មីរបស់រដ្ឋនិងឯកជន និងចំនួនគ្រួសារពលរដ្ឋ ៧០ភាគរយ ទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់រដ្ឋ និងឯកជន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង ព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក តិកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយ ព័ត៌មាន និងទទួលព័ត៌មាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា នៅត្រឹមចុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញបណ្ណ សារព័ត៌មាន ដែលបានបំពាក់ QR code ផ្ទាល់ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រួចរាល់ជូនដល់អង្គភាព និងអ្នកសារព័ត៌មានបានចំនួន ៨ ០៦២ បណ្ណ ដែលអ្នកសារព័ត៌មានទាំងនោះបាននិងកំពុងធ្វើសកម្មភាព យ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន៕