វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី០៤ ឧសភាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង -អភិបាលខេត្តស្ទឹងត្រែងបានណែនាំឱ្យក្រុមអភិរក្សត្រីមេពូជ ត្រូវបង្កើនសកម្មភាពល្បាតបង្ក្រាបបទល្មើសនេសាទដោយម្ចាស់ការ កុំចាំបាច់ថ្នាក់លើបញ្ជា ព្រោះខេត្តបានចេញសេចក្តីប្រកាស រដូវបិទនេសាទរួចហើយ ដើម្បីរួមគ្នាអភិរក្សត្រីមេពូជឱ្យវាពងកូន និងឱ្យកាន់តែសម្បូរបែបឡើង។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៅសាលាខេត្តស្ទឹងត្រែង កាលពីថ្មីៗនេះឯកឧត្តមសរ សុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យមន្ត្រីខណ្ឌជលផលនិងក្រុមប្រចាំការអភិរក្សត្រីមេពូជធ្វើសកម្មភាពចុះល្បាតលើផ្ទៃទឹកទន្លេមេគង្គឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យធនធានជលផលមានភាពសម្បូរបែប សម្រាប់ប្រជាពលរដ្ឋទាញយកផលនេសាទឱ្យបានទិន្នផលខ្ពស់នៅរដូវបើក នេសាទឡើងវិញ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖វិធានការនេះមិនអនុញាតឱ្យជនខិលខូចលួចប្រើឧបករណ៍ នេសាទខុសច្បាប់ ដូចជាឆក់ក្តៅ- ឆក់ត្រជាក់- និង លួចដាក់មងតាមតំបន់ហាមឃាត់ទេ បើប្រទះឃើញ ត្រូវតែចាប់ដកហូត យកមកបំផ្លាញចោល ព្រោះវាជាឧបករណ៍ខុសបច្ចេទេស យកទៅដាក់ពង្រាយតាមផ្ទៃទឹក ក្នុងគោលបំណងយកត្រីទៅបំពេញជីវភាព ក៏ប៉ុន្តែរូបភាពខ្លះ យកទៅបម្រើផលប្រយោជន៍បែបអាជីវកម្មទៅវិញ។
(សំឡេង)សូមឱ្យសមត្ថកិច្ចជំនាញ ដែលមានសមត្ថកិច្ចនៅលើផ្ទៃទឹក អនុវត្តវិធានការ ឱ្យបានម៉ឺងម៉ាត់កុំចាំបាច់ឱ្យថ្នាក់លើបញ្ជា ហើយបង្កើតក្រុមការងារមួយដឹកនាំជាកម្លាំងពិសេស ទាំងអស់ចុះប្រតិបត្តិការលើផ្ទៃទឹក កាត់មងដែលដាក់ខុសច្បាប់ ព្រោះមងខ្លះកូនត្រីតូចមួយក៏រត់មិនរួចដែរ ដូចនេះត្រូវ អនុវត្តវិធានការនេះ ឲ្យបានតឹងតែងបំផុត ទាំងជលផល ទាំងបរិស្ថាន អាវុធហត្ថ ប៉ូលីស ពេលល្បាតមានទូក ជួយគ្នា។
លោកស្រី សំវិចិត្រប្រធានខណ្ឌជលផលបានទទួលស្គាល់ថា៖ក្នុងរដូវបិទនេសាទនេះនៅមានជនសង្ស័យប្រព្រឹត្តបទល្មើស ហើយពេល ប្រជាសហគមន៍ចុះទៅណែនាំខ្លះបានគំរាមកំហែងមកដល់មន្ត្រីជំនាញក៍មានដែរ។
លោកបន្តថា៖បច្ចុប្បន្នប្រជាពលរដ្ឋយើងភាគច្រើន គាត់ធ្វើស្រែចំការ និងប្រកបមុខរបរធ្វើនេសាទនេះបន្ថែមតិចតួចក្នុងរដូវបិទនេសាទគ្រាន់បានត្រីខ្លះសម្រាប់តែដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្នើឱ្យប្រជាសហគមន៍និងអ្នកនេសាទទាំងអស់ត្រូវរួមគ្នាអនុវត្តច្បាប់ស្តីពីការបិទនេសាទលេខ២២៣ចុះថ្ងៃទី ២៥ មេសាឆ្នាំ ២០២៥ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមអភិរក្សធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នាព្រោះសេចក្តីប្រកាសបិទនេសាទនេះអាជ្ញាធរផ្សព្វផ្សាយបានទូលាយហើយ។
សូមបញ្ជាក់ថា៖នៅទន្លេមេគង្គលើមានអន្លុងអភិរក្សត្រីមេពូជ៦២កន្លែង និងសម្បូរទៅដោយព្រៃលិចទឹក ជាសំបុកត្រីពងកូន ជាពិសេសពូជត្រីសំខាន់ៗ ដូចជាត្រីប៉ាសេអ៊ី-ត្រីប៉ាវ៉ា- ត្រីរមាស-ត្រីកន្ត្រប់ខ្លា- ត្រីឆ្មាក្រពើ- ត្រីស្ទក់ -ត្រីត្រសក់-ត្រីថ្ក -ត្រីខ្លា -ត្រីក្របី -ត្រីរាជ- ត្រីនាគ- ជាដើមកំពុងមានវត្តមានរស់នៅ៕
គឹមហឿន.ស្ទឹងត្រែង០៤/ ០៥/ ២០២៥