វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៥ ឧសភា ២៥
អន្តរជាតិ៖ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនចង់បានចម្លើយឱ្យច្បាស់លាស់មួយពីអ៊ុយក្រែន ចំពោះការប្រកាសបទឈប់បាញ់រយៈពេល ៣ថ្ងៃរបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទសប្តាហ៍មុនលោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល ៣ថ្ងៃនោះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ខណៈនៅថ្ងៃទី៩ គឺជាពេលដែលលោក ពូទីន ទទួលស្វាគមន៍បណ្តាមេដឹកនាំអន្តរជាតិ នៅទីលាន Red Square នៃរដ្ឋធានីមូស្គូ រួមមានទាំងលោក ស៊ី ជីនពីង ប្រធានាធិបតីចិនផងដែរ ក្នុងព្រឹត្តិការណ៍រៀបចំព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនហាក់ដូចជាបានបដិសេធចំពោះសំណើបទឈប់បាញ់រយៈពេលខ្លីរបស់លោក ពូទីន ដោយនិយាយថា លោកបានត្រៀមលក្ខណៈរួចរាល់ ដើម្បីយល់ព្រមតែចំពោះបទឈប់បាញ់ណាមួយ ដែលនឹងមានរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃប៉ុណ្ណោះ។ លោក ហ្សេលេនស្គី ថែមទាំងបានបន្តទៀតថា ដោយសារសង្រ្គាមជាមួយរុស្ស៉ី អ៊ុយក្រែនមិនអាចធានាបានឡើយចំពោះសុវត្ថិភាពរបស់ឥស្សរជនបរទេសទាំងឡាយ ដែលទៅទីក្រុងមូស្គូ ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាថ្ងៃទី៩ ខែឧសភានេះ៕