លោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា

Narith | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៥ ឧសភា ២៥
អន្តរជាតិ៖ វិមានក្រឹមឡាំងបានប្រកាសឱ្យដឹងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ហើយត្រូវចូលរួមជាមួយលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីក្នុងពិធីអបអរខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្ត លើរបបណាហ្ស៊ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ វិមានក្រឹមឡាំង ដែលជាការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក ស៊ី ក៏នឹងបើកកិច្ចពិភាក្សាកំពូលទ្វេភាគីជាមួយលោក ពូទីន ផងដែរ ហើយមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើឯកសារទ្វេភាគីជាច្រើន។ លើកចុងក្រោយដែលលោក ស៊ី បានទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី គឺកាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកបានបន្តជាប់ជាប្រធានាធិបតីចិន ៣ អាណត្តិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ រីឯកាលពីខែឧសភា ឆ្នាំ២០២៤ លោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្រោយជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ី សម្រាប់អាណត្តិទី៥។ គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់រុស្ស៊ីនេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់លោក នៅក្នុងឆ្នាំ២០២៥នេះ ក្រោយការបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងប្រចាំឆ្នាំ នៅតំបន់អាស៊ីគ្នេយ៍មកកាន់ ប្រទេសវៀតណាម ម៉ាឡេស៊ីនិងកម្ពុជា កាលពីខែមេសាកន្លងទៅ៕