វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៥ ឧសភា ២៥
អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឱនយដឹងថា លោក Benjamin Netanyahu បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅអាស៊ែបៃហ្សង់ ដោយដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ សេចក្តីថ្លែងការណ៍បាននិយាយថា "ដោយមើលឃើញពីការអភិវឌ្ឍន៍នៅតំបន់ហ្គាហ្សាស្ទ្រីប និងស៊ីរី ហើយដោយសារតែកាលវិភាគនយោបាយ និងសន្តិសុខតឹងតែង លោក Netanyahu បានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ទៅថ្ងៃក្រោយវិញ"។ ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រព័ត៌មានអ៊ីស្រាអែល Walla និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលផ្សេងទៀតបានរាយការណ៍ថា ហេតុផលសម្រាប់ការលុបចោលគឺការបដិសេធរបស់តួកគី ក្នុងការអនុញ្ញាតឱ្យយន្តហោះរបស់លោក Netanyahu ហោះហើរលើទឹកដីរបស់ខ្លួនដែលធ្វើដំណើរទៅកាន់រដ្ឋធានី Baku របស់ប្រទេសអាស៊ែបៃហ្សង់។ គួរបញ្ចាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅឆ្នាំ២០២៣ ទំនាក់ទំនងរវាងអ៊ីស្រាអែល និងតួកគី គឺមានសភាពកាន់តែយ៉ាប់យ៉ឺន៕