ប្រជាពលរដ្ឋ​ជាង៧០០គ្រួសារ​បានស្ម័គ្រចិត្តរុះរេី​លំនៅឋាន​ ចាកចេញ​ពី​ប្រឡាយ​ និង​អាងស្តុកទឹក​នៅ​សល់​បន្តិច​បន្តួច​ អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​សុំឱ្យ​រួសរាន់​ ដេីម្បី​អនុវត្ត​គម្រោង​រំដោះ​ទឹកមុន​រដូវ​វស្សា​មកដល់

Narith | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណារិទ្ធ​

​      រាជធានីភ្នំពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​  គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ ដោយឡែក គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ ៨០% នៃផែនការ ហើយគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌ ជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។
ផ្អែកតាមលទ្ធផលនៃការអនុវត្តគម្រោងនាពេលកន្លងមក ឃើញថាបើទោះបីជាថ្មីៗនេះ មានករណី ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឱ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង ៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម)ក្តី ក៏ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត  ក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីប្រសិទ្ធភាពនៃ ការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ។
តាមរយៈលទ្ធផលជាវិជ្ជមាននេះ រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅលើប្រឡាយ និងអាងស្តុកទឹកដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (តំបន់អនុវត្ត គម្រោង) ហើយដែលបានយល់ព្រមទទួល យកការដោះស្រាយផលប៉ះពាល់ និងស្ម័គ្រចិត្តរុះរើសំណង់ចេញ ចំនួន៧១៥គ្រួសារ (នៅសេសសល់មួយចំនួនតូចប៉ុណ្ណោះ) សំដៅរួមចំណែកជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការលិចលង់នៅរាជធានីភ្នំពេញ ដែលជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ ទូទាំង រាជធានីភ្នំពេញ។
​ ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕

ប្រជាពលរដ្ឋ​ជាង៧០០គ្រួសារ​បានស្ម័គ្រចិត្តរុះរេី​លំនៅឋាន​ ចាកចេញ​ពី​ប្រឡាយ​ និង​អាងស្តុកទឹក​នៅ​សល់​បន្តិច​បន្តួច​ អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​សុំឱ្យ​រួសរាន់​ ដេីម្បី​អនុវត្ត​គម្រោង​រំដោះ​ទឹកមុន​រដូវ​វស្សា​មកដល់