អ្នកជំនាញ៖ គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

009 | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងក្រសួងអប់រំ និងអង្គការដៃគូពាក់ព័ន្ធបានរួមគ្នាផ្សព្វផ្សាយគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹងដល់បុគ្គលិកអប់រំ និស្សិត គរុនិស្សិត និងគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្រើនក្នុងការចូលរួមទប់ស្កាត់ និងណែនាំដល់យុវជនឱ្យចៀសឆ្ងាយពីបញ្ហាទាំងអស់នេះ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹងកាលពីថ្ងៃទី២ខែឧសភា ឆ្នាំ២០២៥ ចុងសប្តាហ៍មុននេះ  លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋត្រូវកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងព្រោះវាបានបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង។
លោកជំទាវបន្តថា ដើម្បីសម្គាល់ថា មនុស្សម្នាក់ដែលមានមូលធនមនុស្សគ្រប់គ្រាន់ គឺផ្អែកទៅលើ ៤ណុច រួមមាន៖ (១) ចំណេះដឹងសម្បទា គឺជាអ្នកដែលមានចំណេះដឹងពិតប្រាកដ (២) ចរិយាសម្បទា (៣) កាយសម្បទា (៤) ស្មារតីស្នេហាជាតិសម្បទា។
លោកវេជ្ជបណ្ឌិតមុំគង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា និងលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេស នៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានធ្វើបទបង្ហាញដល់អ្នកចូលរួមដោយបានបង្ហាញពីគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់គ្រឿងស្រវឹងនេះ។
វាគ្មិន បានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបានបង្កឱ្យមានជំងឺមហារីក ដាច់សរសៃឈាម ក្រិនថ្លើម និងបង្កឱ្យមានជំងឺមិនឆ្លងជាច្រើនមុខថែមទៀត នេះមិនទាន់គិតពីគ្រោះថ្នាក់ចរាចរណ៍ និងផលលំបាកផ្សេងៗផងដែរ។ ចំពោះស្ត្រីដែល ផឹកគ្រឿងស្រវឹងប្រឈមនឹងកើតជំងឺពុកឆ្អឹង ការដួល និងបាក់ឆ្អឹងត្រគាក ឆាប់អស់រដូវមុនអាយុ អាចមិនមានកូន ឬរលូតកូន ព្រមទាំងកើតជំងឺសម្ពាធឈាមផងដែរ។
ក្រុម សិស្សនិស្សិត និងគរុសិស្សដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានប្រកាសគាំទ្រឱ្យបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់។ ពួកគេបានមើលឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ។
រាជបណ្ឌិត្យសភាកម្ពុជាកាលពីពេលថ្មីៗនេះ បានបង្ហាញលទ្ធផលការស្រាវជ្រាវមួយដោយបានរកឃើញថា  មានប្រជាពលរដ្ឋច្រើន ជាង ៩០% បានគាំទ្រឱ្យរាជរដ្ឋាភិបាលដាក់កំហិតការផ្សាយពាណិជ្ជកម្មផងដែរ៕

អ្នកជំនាញ៖ គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
អ្នកជំនាញ៖ គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
អ្នកជំនាញ៖ គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
អ្នកជំនាញ៖ គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
អ្នកជំនាញ៖ គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
អ្នកជំនាញ៖ គ្រឿងស្រវឹងបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់