វិទ្យុជាតិកម្ពុជា ឈួន សំអាត ៥-៥-២០២៥
ប្រជាពលរដ្ឋប្រមាណជាជាង៤ពាន់នាក់ បាននាំគ្នាទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដោយឥតគិតថ្លៃ ដែលពិធីនេះដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅវិទ្យាល័យព្រះម្លូ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មុនពេលចាប់ផ្តើមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត អនុប្រធានក្រុមប្រឹក្សាភិបាល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និងសម្តចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលសេវាសុខាភិបាលនាឱកាសនេះ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា នេះជាលើក៧ហើយ សម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាល ជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ហើយក្នុងអាណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងជំរុញវិស័យសុខាភិបាល ផ្នែក ICU ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ភូមិឃុំរបស់ពួកគាត់។ ជាក់ស្តែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមគ្រូពេទ្យជំនាញជាង៤០០នាក់ ចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម។
លោកជំទាវបណ្ឌិត បន្ថែមថា ការចុះមកព្យាបាលជំងឺនៅពេលនេះរួមមាន៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថតកាំរស្មី ពិនិត្យឈាម ហើយបើមានអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរ និងបញ្ជូនទៅព្យាបាលបន្ត នៅរាជធានីភ្នំពេញ ក្រោមការឧបត្ថមទាំងស្រុងពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋបានទៅទទួលសេវាពិនិត្យ និងព្យាបាលសុខភាព នាឱកាសនោះមានចំនួន ៤៣៣៦នាក់ ស្មើនឹង ៦៩៩៨ករណី និងបញ្ជូនមកព្យាបាលបន្តចំនួន៥៨ករណី៕