វិទ្យុជាតិកម្ពុជា ឈួន សំអាត ៥-៥-២០២៥
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ«ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅថ្ងៃទី៩ និងទី១០ ខែឧសភា ចាប់ពីម៉ោង ៨:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន៥៤០០កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះ ជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលធំៗ ប្រមាណជាង៣០ ស្ថាប័ន នឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសកម្មសិក្សាការងារ និងផ្សព្វផ្សាយពីកម្មវិធីសិក្សា និងវគ្គអប់រំបណ្តុះបណ្តាលជំនាញជាច្រើន។
ឯកឧត្តមបញ្ជាក់ថា៖«នេះជាវេទិកាជួបជុំមួយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកកាងារធ្វើ អាចទំនាក់ទំនងគ្នាដោយផ្ទាល់ៗ។ ក្នុងនោះ ក៏មានជាសិក្ខាសាលាចែករំលែក បទពិសោធន៍ ការប្រឹក្សាយោបល់ការងារ និងអាជីព អំពីការត្រៀមខ្លួនចូលបម្រើការងារ ដោយវាគ្មិនជំនាញ មានបទពិសោធន៍ក្នុងទីផ្សារការងារច្រើនឆ្នាំផងដែរ»។
លោក ម៉ាធី ឥន្រ្តាវិដ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស នៃ ធនាគារ លីហួរ បានឱ្យដឹងថា NEA គឺជាស្ថាប័នរបស់រដ្ឋដែលបានជួយដល់អ្នកស្វែងរការងារ និងជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។ លោកបញ្ជាក់បន្ថែមថា ស្របពេលដែលស្ថាប័នយើងកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសបុគ្គលិកក៏កាន់តែមានភាពចាំបាច់។ លោករំពឹងថា នឹងទទួលបានបុគ្គលិកទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលពីរថ្ងៃនៃពិព័រណ៍ការងារនេះ។
លោកបានជំរុញដល់ សិស្ស-និស្សិត សាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យ សម្ភាសន៍ការងារជាមួយក្រុមហ៊ុនផ្ទាល់នៅថ្ងៃទី៩-១០ នាពេលខាងមុខនេះ នឹងស្នើដល់អ្នកស្វែងរកការងារ ឬផ្លាស់ប្តូរការងារត្រូវរៀបចំខ្លួនឱ្យបានសមរម្យ មុននឹងចូលសម្ភាសន៍ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូប របស់ខ្លួនផងដែរ៕