វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី០៥ ឧសភាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង. អភិបាលខេត្តស្ទឹងត្រែង ចាត់ទុកសួនបវរធិបតីខេត្តស្ទឹងត្រែង ជាសមិទ្ធផលថ្មីមួយទៀត របស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ព្រោះសមិទ្ធផលនេះជាចំណងដៃរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង នៅក្នុងឆ្នាំ២០២៥នេះ ។
ក្នុងពិធីក្រុងពាលី សុំទឹកដីជ័យភូមិអ្នកត្រង់បង់បត់ ដើម្បីសេចក្តីសុខចម្រើន ក្នុងការសាងសង់សួនច្បារនៅខេត្តស្ទឹងត្រែង ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមសរសុពុត្រាអភិបាលខេត្ត មានប្រសាសន៍ ថា៖ ការស្ថាបនា នេះ គឺក្នុងគោលបំណងកែលម្អខេត្តឱ្យមានសោភណភាពផង ធ្វើទៅតាមការចង់បានរបស់ប្រជាពលរដ្ឋផង និងបានបង្ហាញពីការគោរពដឹងគុណ ជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលសម្តេចបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍប្រទេសនិយាយដោយឡែក និយាយជារួមសម្រាប់ខេត្តស្ទឹងត្រែងទទួលបានមនុញ្ញផលពីការសម្រេចចិត្តដ៏ជាក់លាក់របស់សម្ដេចក្នុងការធ្វើការអភិវឌ្ឍខេត្ត។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖សួនច្បារនេះក្រោយពីបញ្ចុះបឋមសិលាបើកការដ្ឋានហើយក្រុមមន្ត្រីជំនាញបច្ចេកទេសនឹងត្រួតពិនិត្យហើយយើងនឹងគ្រោងធ្វើឲ្យបានឆាប់រហ័សឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ដែល បានប្រសិទ្ធនាមថាជាសួនបវរធិបតីខេត្តស្ទឹងត្រែង។
(សំឡេង)សូមបញ្ជាក់ថាសួននេះយើងប្រសិទ្ធនាមថាឈ្មោះសួនបវរធិបតីខេត្តស្ទឹងត្រែង ដើម្បីបង្ហាញអំពីការគោរព ការដឹងគុណចំពោះការលះបង់ ក្នុងការអភិវឌ្ឍ ប្រទេសជាតិរបស់សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។
លោកស្រីតែមចាន់ណុមតំណាងឱ្យប្រជាពលរដ្ឋខេត្តស្ទឹងត្រែងសាទរទទួលបានសមិទ្ធផលថ្មីនេះ ព្រោះបានផ្តល់ផល ប្រយោជន៍ច្រើនសម្រាប់ខេត្តយើងផង ហើយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានកន្លែងកម្សាន្ត កន្លែងហាត់ប្រាណបន្ថែមទៀត ។ (សំឡេង)ជាក់ស្ដែងយើង សង្កេតឃើញសួននាគជ័យនៅខាងមុខ ដែលប្រជាពលរដ្ឋយើង ចូលរួមការហាត់ប្រាណពេលល្ងាច ហើយក៏ដូចជាពេលព្រឹកអត្ថប្រយោជន៍ប្រជាពលរដ្ឋ សម្រាប់កាយសម្បទាមាំមួន ហើយជាទីធ្លាលម្អមួយសម្រាប់ខេត្តស្ទឹងត្រែងផងដែរ ហើយសួនថ្មីៗបន្តបន្ទាប់សម្រាប់ខេត្តស្ទឹងត្រែងនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋសាទរទទួលយកនូវសមិទ្ធផលថ្មីនេះ ។
សូមបញ្ចាក់ថា៖ សួនបវរធិបតីខេត្តស្ទឹងត្រែង ពេលធ្វើហើយអាជ្ញាធរ សូមឱ្យប្រជាពលរដ្ឋយើងជួយសម្អាតបរិស្ថាន និងហាមអាជីវករមិនឱ្យមកលក់អ្វីនៅលើទីនេះទេ ព្រោះជាសួនសម្រាប់ប្រជាពលរដ្ឋអង្គុយអានសៀវភៅ សម្រាប់អង្គុយលំហែ ក្រោយសម្រាកពីការបំពេញការងារនឿយហត់ និងដើរហាត់ប្រាណនៅរៀងរាល់ពេលល្ងាច ឬពេលព្រឹកតែប៉ុណ្ណោះ៕