សម្តេចធិបតីមានប្រសាសន៍ថា ដីនៅក្រុងតាខ្មៅក្រោយ៣៦ខែខាងមុខ នឹងផ្លាស់ប្ដូរទាំងតម្លៃសុខភាព និងតម្លៃដីកាន់តែខ្ពស់ផងដែរ

Chuon Bona | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

សម្តេចធិបតីមានប្រសាសន៍ថា ដីនៅក្រុងតាខ្មៅក្រោយ៣៦ខែខាងមុខ នឹងផ្លាស់ប្ដូរទាំងតម្លៃសុខភាព និងតម្លៃដីកាន់តែខ្ពស់ផងដែរ

 

វិទ្យុជាតិកម្ពុជា៖

 

កណ្ដាល៖ ការមានប្រសាសន៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៥នេះ ។

ពិធីបើកដ្ឋានដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ អំពីវឌ្ឍនភាព និងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជូនជាតិមាតុភូមិ តាមរយៈ ការចាប់ផ្តើមអនុវត្តនូវគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ដែលក្នុងនោះ រួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់, ការសាងសង់ស្ថានីយបូមទឹកកខ្វក់បណ្តាញលូទឹកកខ្វក់ និងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់ទទួលសេវាចំនួន ០៦សង្កាត់ ក្នុងក្រុងតាខ្មៅ ព្រមទាំងការសាងសង់ប្រព័ន្ធ រំដោះទឹកជំនន់ក្នុងក្រុងតាខ្មៅផងដែរ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការគិតគូរលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់នៅទីក្រុង ឆ្លើយតបនឹងការរីកលូតលាស់ឥតឈប់ឈរ និងកំណើន ប្រជាពលរដ្ឋនៅតាមបណ្តាទីប្រជុំជនសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។

សមិទ្ធផលដែលនឹងលេចចេញជារូបរាងឡើងក្នុងរយៈ ពេលបីឆ្នាំខាងមុខនេះ គឺជាលទ្ធផលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងនូវទំនាក់ទំនងជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំពង្រឹង និងពង្រីកកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីររហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបាននិងកំពុងនាំមកនូវការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនបន្ថែម ទៀតដល់កម្ពុជា។

សូមបញ្ជាក់ថា ប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែល ក្នុងនោះមានការងារសាងសង់ធំៗ ចំនួន ២ រួមមាន៖

១. ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុង មួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ០៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។

២. ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាងសង់បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និងថែទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកអង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។

គម្រោងនេះនឹងត្រូវអនុវត្ត ការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយ ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោង បញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧៕

សម្តេចធិបតីមានប្រសាសន៍ថា ដីនៅក្រុងតាខ្មៅក្រោយ៣៦ខែខាងមុខ នឹងផ្លាស់ប្ដូរទាំងតម្លៃសុខភាព និងតម្លៃដីកាន់តែខ្ពស់ផងដែរ