វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៦ ០៥ ២៥
ឥណ្ឌូនេស៊ី៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរឱ្យខ្លាំងក្លាថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។
ការស្នើរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta នៅក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេច នៅប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងជំនួបនោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជាមិត្តចាស់ ដោយសម្តេចនិងឯកឧត្តមបានស្គាល់គ្នាជាង ៣០ ឆ្នាំមកហើយ។
សម្តេចបន្តថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូនេស៊ីជាង ៣៧ ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ ដូច្នេះ សមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូនេស៊ីឡើយ ដោយសម្តេចសូមគោរពចំពោះការចូលរួមរបស់ឥណ្ឌូនេស៊ី ក្នុងការជួយដល់កម្ពុជា។
សម្តេចតេជោបន្តថា កម្ពុជានិងឥណ្ឌូនេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូនេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខថាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខថាមពល ។
សម្តេចតេជោ បន្តថា ប្រទេសយើងទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានជម្រាបប្រធានាធិបតីឥណ្ឌូនេស៊ី ពីការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាចំពោះឯកឧត្តមក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលសមស្រប។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ មានប្រធានាធិបតីឥណ្ឌូនេស៊ីជាច្រើនបានទៅទស្សនកិច្ចនៅកម្ពុជា។
ជាការឆ្លើយតបលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអរព្រះគុណព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញ រូបឯកឧត្តម ហើយឯកឧត្តមប្រធានាធិបតី បានជម្រាបសម្តេចតេជោថា ឯកឧត្តម សូមទទួលយក និងទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោ ឲ្យនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម ថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តម ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុងរយៈពេល ៦ ខែ ដែលឯកឧត្តម ធ្វើជាប្រធានាធិបតីឥណ្ឌូនេស៊ី ប្រទេសឥណ្ឌូនេស៊ី បានទទួលសមិទ្ធផល ខាងផ្នែកសន្តិសុខស្បៀង ជាមួយនឹងការយកចិត្តទុកដាក់សន្តិសុខថាមពល ជាពិសេសជំរុញវិនិយោគផ្នែកសន្តិសុខឋាមពល។
ឯកឧត្តមបន្តថា ឥណ្ឌូនេស៊ី ចង់ឲ្យកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា លើផ្នែកនេសាទ ហើយឥណ្ឌូនេស៊ី ត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងថាមពលនៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសទាំងពីរឯកឧត្តម ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូនេស៊ី ឯក្រុម ហ៊ុនឥណ្ឌូនេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។
នៅចុងក្រោយនៃជំនួប សម្តេចតេជោ និងឯកឧត្តម ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឲ្យពង្រីកបន្ថែម។លើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញនិងបញ្ហាគ្រឿងញៀន ជាដើម៕