វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៦ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចមិនយកពេលវេលាដ៏មានតម្លៃទៅខ្វល់ខ្វាយអំពីយុទ្ធសាស្រ្តផ្ការីករបស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់តែពីការពង្រីកសមិទ្ធផលនានា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ខណៈយុទ្ធសាស្រ្តផ្ការីករបស់មេបក្សប្រឆាំងហាក់គ្មានប្រសិទ្ធភាព និងបានស្ងប់ស្ងាត់ក្រោយប្រកាសកាលពីពេលកន្លងមក ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែឧសភា សម្តេចធិបតី បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើនកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នានោះ គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ , មន្ទីរពេទ្យ , សាលារៀន និងការកសាងកំពង់ផែនៅខេត្តមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនឥតឈប់ឈរ ។
សម្តេចធិបតីបានគូសបញ្ជាក់ថា នេះហើយគឺជាផ្ការីកនៃសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជាយុទ្ធសាស្ត្រផ្ការីកឥតប្រយោជន៍និងគ្មានតម្លៃរបស់ក្រុមមនុស្សមួយក្តាប់តូចនៅក្រៅប្រទេសទេ ។
សម្តេចធិបតីបន្តថា ទាំងមុនពេលនិងក្រោយបុណ្យចូលឆ្នាំខ្មែរសម្តេចបានអញ្ជើញចុះសម្ពោធសមិទ្ធផលនានាជាហូរហែដើម្បីបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋ។
“ទាំងអស់នេះហើយ គឺជាផ្ការីកនៃសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ពីណាគេផ្ការីក គេអន់ចិត្ត គេសប្បាយចិត្ត គេចង់ផ្តួល ចង់ប្តឹងរឿងរបស់គេ ។ ខ្ញុំគិតថា ប្រជាពលរដ្ឋយើងឆ្អែតហើយរឿងរញ៉េរញ៉ៃ”។
សម្តេចធិបតីបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាគឺមិននៅនឹងថ្កល់ ឬព្រងើយកន្តើយ ឬក៏គ្មានធ្វើសកម្មភាពណាមួយនោះទេ គឺនឹងធ្វើជាប់ជាប្រចាំដើម្បីអភិវឌ្ឍន៍និងលើកកម្ពស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ ដើម្បីឲ្យមានភាពល្បីរន្ទឺទូទាំងសកលលោក ៕