ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ចាប់ផ្ដើមបង្កបង្កើនផលស្រូវរដូវវស្សាហើយ

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៦.០៥.២០២៥

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានថ្លែងថា ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងចាប់ផ្ដើមបង្កបង្កើនផលស្រូវរដូវវស្សាហើយ  ដោយសារតែអាកាសធាតុនៅក្នុងឆ្នាំនេះ មានលក្ខណៈអំណោយផល ។ 

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង គឺតែងតែចុះជួបជាមួយប្រជាកសិករនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកបច្ចេកទេស ក្នុងការបង្កបង្កើនផលឱ្យទទួលបានទិន្នផលល្អ ពិសេសគឺផ្ដល់និងប្រឹក្សាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ជី, ថ្នាំកំចាត់សត្វ ល្អិត,និងថ្នាំបាញ់សម្លាប់ស្មៅជាដើម ។ សកម្មភាពនេះ សំដៅជួយឱ្យប្រជាពលរដ្ឋប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ចៀសវាងការខាតបង់ថវិកា ។
លោកបានបន្តថា ចំណែកការបង្កបង្កើនផលស្រូវ និងផលដំណាំផ្សេងៗ នៅក្នុងខេត្តកំពង់ឆ្នាំង មានផ្ទៃដីធ្វើស្រូវវស្សាចំនួន១៣១,០០០ហិកតា ផ្ទៃដីធ្វើស្រូវប្រាំងមានចំនួន៣៧,០០០ហិកតា និងផ្ទៃដីដាំដំណាំរួមផ្សំមានចំនួនជាង១០,០០០ហិកតា ។ ក្នុងនោះការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងឆ្នាំនេះ គឺទទួលបានទិន្នផលជាមធ្យម ៥តោនក្នុង១ហិកតា ។ លោកបញ្ជាក់ថា ឆ្នាំនេះពុំមានស្រូវខូចខាតធ្ងន់ធ្ងរ ដោយសារតែការខ្វះទឹកស្រោចស្រព ឬក៏សត្វល្អិតបំផ្លាញនោះឡើយ ។
លោកបានបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ បងប្អូនប្រជាកសិករ បានចាប់ផ្តើមបង្កបង្កើនផលស្រូវរដូវវស្សាហើយ ព្រោះតែនៅឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើននៅដើមរដូវ ដែលអាចធ្វើឱ្យដំណាំស្រូវលូតលាស់បានល្អ ។ 
៖ « ពាក់ព័ន្ធនឹងស្រូវវស្សា ឥឡូវមកដល់ដើមរដូវវស្សាគឺសង្កេតឃើញថា សម្រាប់ផែនការជាង១៣ម៉ឺនហិកតា ឥឡូវនេះបងប្អូនប្រជាកសិករ បាននិងកំពុងតែដាំដុះបានជិត៨០០ហិកតាហើយ ដែលប្រមាណជាង១ភាគរយហើយ ដោយសារតែស្ថានភាពទឹកភ្លៀងនៅក្នុងឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុន ដែលបង្កលក្ខណៈងាយស្រួលទៅដល់ប្រជាកសិករ » ។ 
សូមបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបំពេញការងារយ៉ាងសកម្មក្នុងការបម្រើដល់ប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្មនៅក្នុងខេត្តមានភាពល្អប្រសើរ  ៕

ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ចាប់ផ្ដើមបង្កបង្កើនផលស្រូវរដូវវស្សាហើយ
ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ចាប់ផ្ដើមបង្កបង្កើនផលស្រូវរដូវវស្សាហើយ
ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ចាប់ផ្ដើមបង្កបង្កើនផលស្រូវរដូវវស្សាហើយ