វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៦ ០៥ ២៥
ឥណ្ឌូនេស៊ី៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការពឹងកងទ័ពវៀតណាមឱ្យមកជួយរំដោះជាតិ ដើម្បីស្វែងរកសន្ដិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា បន្ទាប់ពីប្រទេសបាន និង កំពុងរងនូវរបបខ្មៅងងិតដែលបានសម្លាប់ប្រជាជនស្លូតត្រង់ជាច្រើននាក់។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកបឋកថា ក្រោមប្រធានបទ«កម្ពុជា និងអាស៊ាន,អាស៊ាន និងពិភពលោក» ក្នុងពិធីគម្រប់ខួប ២៦ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ពីលេខាធិការដ្ឋានអាស៊ានក្នុងរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានរម្លឹកប្រវត្តិសាស្រ្ដរបស់កម្ពុជាទាំងអួលដើមក និងស្រក់ទឹកភ្នែក ដោយមានការឈឺចាប់ ពេលដែលសម្តេចធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត ពោលគឺធ្វើដំណើរទៅ កាន់ប្រទេសវៀតណាម ដើម្បីស្នើឲ្យវៀតណាមជួយរំដោះកម្ពុជាចេញពីរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកមានការចោទប្រកាន់ជុំវិញរឿងដែលសម្ដេចពឹងកងទ័ពវៀតណាមឱ្យមកជួយរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោ បានលើកឡើងថា ប្រសិនបើមិនមានរបបប្រល័យពូជសាសន៍ កម្ពុជាក៏មិនពឹងកងទ័ពវៀតណាមមកជួយដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ការពឹងកងទ័ពវៀតណាមនេះមិនមែនមានតែកម្ពុជានោះទេ សូមមើលប្រវត្ដិសាស្រ្ដពិភពលោក ក្នុងការរំដោះប្រទេសជាតិឱ្យរួចផុតពីសង្រ្គាម និងរំលត់របបប្រល័យពូជសាសន៍នៅកម្ពុជា។ ជាក់ស្ដែង តុលាការកូនកាត់រវាងកម្ពុជា និងអង្គការសហប្រជាជាតិក៏បានកាត់ទោសរបបខ្មែរក្រហមរួចទៅហើយ។
សម្ដេចតេជោ គូសបញ្ជាក់ថា ការពឹងកងទ័ពវៀតណាមឱ្យមកជួយរំដោះជាតិ គឺជាជម្រើសល្អបំផុតនៅក្នុងគ្រាដ៏លំបាក។ ហើយការពឹងនេះ មិនមែនសម្ដេចចង់រស់តែម្នាក់ឯងនោះទេ គឺដើម្បីជួយសង្រ្គោះប្រទេសជាតិ និងប្រជាជនកម្ពុជា៕