វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៦ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានរំលឹកពីអតីតកាលរបស់ប្រទេសកម្ពុជាថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍របស់បរទេស ទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជា ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញធ្វើបឋកថាក្រោមប្រធានបទ "កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក" នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥បានលើកឡើងជាច្រើនពីគុណសម្បត្តិរបស់សហគមន៍អាស៊ានពីការមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន ។ ដោយសារចំណុចនេះហើយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកនេះគឺជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន ។
“ជាទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ, យើងមានការចងចាំថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍របស់បរទេស ទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជា ។ នៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជា, ហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុង ដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ”។
សម្តេចតេជោមានប្រសាសន៍បន្តថា នៅពេលនោះហើយដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅនៃការបែកបាក់ផ្ទៃក្នុង ហើយកម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន, កម្ពុជាបានក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងផង និងជាសង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍ជាតិឯងផង ។ ចេញពីមេរៀនប្រវត្តិសាស្ត្រ នេះ, គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងរបស់អាស៊ាន ពិតជាមានភាពទាក់ទាញជាពិសេស សម្រាប់កម្ពុជា ។
សម្តេចតេជោបន្ថែមថា ស្មារតីសហគមន៍អាស៊ាន គឺការធ្វើការដោយគោរពគោលការណ៍កុងសង់ ស៊ីស ។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច , គ្មានប្រទេសធំ , គ្មានប្រទេសអ្នកមាន , គ្មានប្រទេសអ្នកក្រ , គ្មានប្រទេសចាស់ និងគ្មានប្រទេសថ្មី ។ អាស៊ានមិនបានធ្វើការតាមរយៈការបោះឆ្នោតយកសំឡេងភាគច្រើននោះទេ ព្រោះការណ៍នេះ នឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន ៕