វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៦ ០៥ ២០២៥
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា គំនិតផ្តួចផ្តើមឱ្យមាន«យុទ្ធនាការជីផាតគ្មានប្លាស្ទិក» ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “កម្ពុជាស្អាត! ខ្មែរធ្វើបាន!” ដែលដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន»។
សហគមន៍ជីផាត បានជួបជុំគ្នាប្រមូលសំរាម ដោយដាក់ឈ្មោះថា «យុទ្ធនាការជីផាតគ្មានប្លាស្ទិក» ដោយក្នុងអំឡុងពេលនៃយុទ្ធនាការនេះ សំរាម និងសំណល់ប្លាស្ទិកប្រមាណ៤២០គីឡូក្រាម ត្រូវបាន ប្រមូលចេញពីតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅស្រុកថ្មបាំងខេត្តកោះកុង និងបានជះ ឥទ្ធិពលជាវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងអ្នកដែលរស់នៅជុំវិញនោះ។
បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ដែលចូលរួមក្នុងយុទ្ធនាការនេះ មានប្រសាសន៍ថា «មនុស្សប្រមាណ ១០០នាក់ ដែលមានគោលបំណងដូចគ្នា បានរួមគ្នាប្រមូលសំរាមបាន៤២០គីឡូក្រាម ដែលគេបោះ ចោលរាយប៉ាយ ក្នុងចម្ការអាកាស្យាមានផ្ទៃដី៣៦៥ហិកតា ដែលមានកម្មករទទួលបន្ទុកប្រមូលផល អាកាស្យាឱ្យក្រុមហ៊ុនឯកជន»។
កញ្ញា ស៊ាន សៀកលីន សិស្សថ្នាក់ទី11A នៃវិទ្យាល័យជីផាត បានលើកឡើងពីការយល់ដឹងកាន់តែ ស៊ីជម្រៅអំពីផលប៉ះពាល់ នៃសំណល់ប្លាស្ទិកមកលើបរិស្ថានធម្មជាតិរបស់ខ្លួន បន្ទាប់ពីបានចូលរួមក្នុង យុទ្ធនាការនេះ។
លោកស្រី ហ៊ាង សំណាង រស់នៅភូមិជីផាត បាននិយាយថា «ការខិតខំប្រឹងប្រែងរបស់យើងនឹងជួយ ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍របស់យើង ពីវិស័យអេកូទេសចរណ៍ និងការរួមចំណែកដល់ការអភិរក្សបរិស្ថានដ៏ស្រស់ស្អាតរបស់យើង»។
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានថ្លែងថា យុទ្ធនាការនេះមិនត្រឹមទទួល បានជោគជ័យក្នុងការប្រមូលសំរាមប្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញឱ្យមានការយល់ដឹងកាន់តែច្រើន នៅក្នុងសហគមន៍អំពីសារៈសំខាន់នៃការចោលសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក ទុំ នី អភិបាលរង ស្រុកថ្មបាំង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ចំពោះការ គ្រប់គ្រងសំរាម នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ទាំងអស់គ្នា ពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន៕