វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៦ ០៥ ២៥
ឥណ្ឌូនេស៊ី៖ សម្ដេចតេជោមានប្រសាសន៍ថា អាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀត និងក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ខណៈដែលពិភពលោកកំពុងប្រឈមបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បណ្ដាប្រទេសនានាលើសកលលោក ក៏ដូចជាក្នុងតំបន់អាស៊ាន។
ក្នុងឱកាសអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបញ្ហាដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្នគឺពិសេស គឺបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ សម្ដេចតេជោបានរំលេចថានាពេលបច្ចុប្បន្ននេះសង្គ្រាមពាណិជ្ជកម្មកំពុងតែភ្ជាប់នឹងបញ្ហាឧបសគ្គនយោបាយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បណ្ដាប្រទេសនានាលើសកលលោកក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។
សម្ដេចតេជោបានរំលេចបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថាប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀត ហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ។
សម្ដេចតេជោក៏បានរំពឹងថា ក្នុងឆ្នាំនេះនៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានប្ដូរវេន នឹងអាចចូលរួមចំណែកដោះស្រាយនូវបញ្ហាទាំងអស់នេះបាន។
នៅក្នុងជំនួបនេះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។
ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី ២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។
ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាននិងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ៕