វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ ភូមិពោធិ៍ខឿន និងភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។
លោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារបានឱ្យដឹងថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លី និងកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋាន ក្នុងការវាស់វែង និង គូសប្លង់ដី គម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារត្រូវបានបញ្ចប់ទាំង ស្រុងសម្រាប់ក្បាលដីចំនួន ៤១៣ក្បាលដី ឃើញថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន ៣៧៦ក្បាលដី ក្នុងនោះ៖ ជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមានចំនួន ៣៧០ក្បាលដី, ជាកម្មសិទ្ធិរបស់រដ្ឋមានចំនួន ០៦ក្បាលដី, រក្សាទុកមិនចេញបណ្ណមានចំនួន ៣៧ក្បាលដី (ជាដីគ្មានទិន្នន័យ)។
លោក មិន ស៊ីថា ក៏បានថ្លែងថាបណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែល ដ៏មានតម្លៃរបស់សម្តេចមហាបវរធិបតី ដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើង ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅគ្រប់ក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ។
ក្នុងឱកាសនោះផងដែរលោកក៏បានលើកឡើងថា ការសម្រេចបាននូវវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមិនត្រឹមតែជួយធានាសិទ្ធិ កាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ លោកក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋយើងពី កត្តា សុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហាររបស់យើង៕