វិទ្យុជាតិកម្ពុជា អេង នារីរតន៍
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានសម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ។
ការហាមឃាត់ជាបណ្តោះអាសន្ននេះ បន្ទាប់ពីប្រទេសថៃ បានផ្ទុះឡើងនូវជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ ខណៈកម្ពុជាមិនទាន់មានករណី នេះកើតឡើងទេ ប៉ុន្តែការចេញការហាមឃាត់នេះ ដើម្បីជាវិធានការទុកជាមុន ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
ក្រសួងបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែយ៉ាងណាក្តីជាវិធានការ បង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែនដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។
ក្រសួង នឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់៕