វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៧ ៥ ២០២៥
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួនជិត៦០ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក ក្នុងខែមេសា ឆ្នាំ២០២៥ និងបានបង្កើតនូវឱកាសការងារបានច្រើនកន្លែងផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។
ប្រភពដដែល បានបន្តថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។ ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុន វិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសា រួមមាន ក្រៅតំបន់សេដ្ឋកិច្ចពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ គឺគម្រោងវិនិយោគបង្កើតផែស្ងួត ដែលមានទីតាំងនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន១១លានដុល្លារអាម៉េរិកនិងបង្កើតការងារចំនួន១៣៦កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងផ្តុំដំឡើងបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងនៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៤៤លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ២៥០កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ ដែលមានទីតាំងនៅ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគចំនួន ១៧លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ៣៩៨កន្លែង។ គម្រោងវិនិយោគបង្កើតរមណីយដ្ឋានទេសចរណ៍សេវាកម្មចម្រុះ ដែលមានទីតាំងនៅ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានទុនវិនិយោគចំនួន ២០លានដុល្លារអាម៉េរិក បង្កើតការងារចំនួន ១៤២កន្លែង។
ចំណែកឯ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ផ្នែកវិស័យឧស្សាហកម្ម រួមមាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ខេត្តព្រះសីហនុ) មានទុនវិនិយោគចំនួន ២៤២លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ២.៤០៨កន្លែង។ គម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ឈី លូ ជាន ពុ ចាយ (ខេត្តស្វាយរៀង) មានទុនវិនិយោគបន្ថែមចំនួន ៩៣លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ (ខេត្តស្វាយរៀង) មានទុនវិនិយោគចំនួន ៤០លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ៧៦៧កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ និងប្លាស្ទិក ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង (ខេត្តកោះកុង) មានទុនវិនិយោគចំនួន ១៩លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ៤៩៩កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និងដំឡើងត្រីចក្រយានយន្តអគ្គិសនី ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (រាជធានីភ្នំពេញ) មានទុនវិនិយោគចំនួន ១៥លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ៤៧៥កន្លែង៕