គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចបែងចែកភារកិច្ច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៦ ០៥ ២០២៥)

ភ្នំពេញ៖ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ បានបើកអង្គប្រជុំមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ដើម្បីពិភាក្សា អំពីភារកិច្ច ត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធីនេះឱ្យកាន់ តែអធឹកអធមសក្តិសម ទៅនឹងព្រះរាជកិត្តិនាមនិងកិត្តិយសរបស់ព្រះអង្គ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលប្រជុំអន្តរក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាល រាជធានីភ្នំពេញ ជុំវិញការត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោយពីបានពិភាក្សាយ៉ាង ល្អិតល្អន់រួចមក អង្គប្រជុំបានឯកភាព កំណត់កាលបរិច្ឆេទ និងបែងចែកភារកិច្ច ជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្ត សម្រាប់អនុវត្តដូចខាងក្រោម ៖
*ក្រសួងព្រះបរមរាជវាំង ត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ទៅតាមព្រះរាជបវេណីតាមការសព្វ ព្រះរាជហឫទ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។
គណៈប្រតិភូសង្ឃទាំងពីរគណៈ ដឹកនាំដោយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី និង សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង បានយាង និមន្ត ថ្វាយព្រះរាជ សព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅក្នុងព្រះបរមរាជវាំង។
ជួយផ្តល់ព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាព របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាវីដេអូជូនដល់ ក្រសួងព័ត៌មានដើម្បីធ្វើការ ផ្សព្វផ្សាយ។
ចំណែកគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយភ្លើងពណ៌ កំណាត់បូឱ្យបានស័ក្តិសម និងមានពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ។
រៀបចំសារលិខិតថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនក្រសួងព្រះបរមរាជវាំងនិងទូរទស្សន៍ជាតិ កម្ពុជា ដើម្បីផ្សព្វផ្សាយ។
ក្រសួងធម្មការ និងសាសនាត្រូវទូលថ្វាយ ប្រគេន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី និង សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង ដើម្បីសុំព្រះរាជតម្រិះរៀបចំ គណៈប្រតិភូសង្ឃ និងដឹកនាំគណៈប្រតិភូសង្ឃ ចូលថ្វាយព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ព្រះវស្សា។
ណែនាំគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត ឱ្យរម្លឹកគ្រប់វត្តអារាមតុបតែងលម្អ ដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ដោយមានការតុបតែងលម្អដោយកំណាត់បូ និងភ្លើងពណ៌។
រីឯក្រសួងព័ត៌មានត្រូវផ្សព្វផ្សាយលិខិតជូនដំណឹង ដល់សាធារណជន ស្តីពីការអុជកាំជ្រួច ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា។
ណែនាំឱ្យបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជ ហឫទ័យ ស្តេចយាងចុះសួរសុខទុក្ខ ជួបប្រាស្រ័យផ្ទាល់ជាមួយព្រះសង្ឃ ប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំង គ្រប់ព្រះរាជសកម្មភាព ក្នុងបុព្វហេតុជាតិ និងសាសនា។
ផ្សព្វផ្សាយសារលិខិត ថ្វាយព្រះពររបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។

ដោយឡែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវណែនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ខេត្ត ឱ្យរៀបចំក្រុមសិល្បៈ សម្តែងជូនប្រជារាស្ត្រ បានទស្សនាកម្សាន្តសប្បាយ តាមទីសាធារណៈ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃកម្ពុជាជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

រដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ដោយមានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងប្រជារាស្ត្រចូលរួម ដើម្បី អបអរសាទរថ្វាយ ព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ ឱ្យរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ ដោយមានតុបតែងលម្អភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងណែនាំម្ចាស់រោងចក្រ សហគ្រាស សាលារៀន ឱ្យតុបតែងលម្អ ដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ឱ្យបានគ្រប់អង្គភាព ព្រមទាំង ប្រជារាស្ត្រត្រូវលើកទង់ជាតិឱ្យបានគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរ។ ទន្ទឹមនេះរដ្ឋបាលរាជធានី ភ្នំពេញ ត្រូវយកចិត្តទុកដាក់បើកទឹក បាញ់ទឹក បំភ្លឺភ្លើងពណ៌តាមសួនច្បារសាធារណៈ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ១៩៥៣  ព្រះអង្គគឺជាព្រះរាជបុត្រ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និង ព្រះមាតាព្រះនាមសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចបែងចែកភារកិច្ច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ