វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៦ ៧ ២០២៥
ភ្នំពេញ ៖ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មានអំពីករណីបន្តមានបុគ្គលយកឈ្មោះនិងរូបភាពជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ ។
ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។
បើតាមអ្នកនាំពាក្យ បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ហើយទង្វើនេះ បណ្ដាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែរ។
អ្នកនាំពាក្យក៏បានផ្តាំថា ដូច្នេះ ពីអំណឹះតទៅ មិនថាស្រ្តីរូបនោះ គឺរាល់បុគ្គលផ្សេងទៀត រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬរូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ និងលាភសក្ការៈ ជាពិសេសការយកទៅអួតអាងកាងគំរាមអ្នកដទៃ ឬយកទៅធ្វើជាខ្នងបង្អែកនៃអំពើខុសច្បាប់របស់ខ្លួន។
អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ ភ្ជាប់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើមិនគប្បីដូចបានបញ្ជាក់ជូនខាងលើ ហើយក្នុងករណីកើតមានអំពើណាមួយគួរឱ្យសង្ស័យ ត្រូវទាក់ទងមកខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីជម្រះមន្ទិល៕