វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៧ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ។
តាមរយៈសារលិខិតក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា «១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥»សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ស្វាហាប់ ប្រកបដោយ ការរីកចម្រើនលើគ្រប់វិស័យ ឈានទៅសម្រេចបាននូវគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នាឆ្នាំ២០៣០។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុបន្នប្រទេសជាតិស្ថិតក្នុងស្ថានភាពសន្តិភាពពេញបរិបូរណ៍ និងរក្សាបាននូវឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ជាពិសេសខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានធានា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ទាំងអស់ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ ព្រមទាំងព្រឹត្តិការណ៍ជាតិ-អន្តរជាតិត្រូវ បានរៀបចំឡើងប្រកបដោយសុវត្ថិភាព កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកតម្កើងនៅលើ ឆាកអន្តរជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធូរធារ សេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបាន ធ្វើឱ្យប្រសើរឡើងជាលំដាប់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាល សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ ត្រចះត្រចង់ទាំងអស់នេះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិ បន្តទៀត៕