វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ សួនច្បារដ៏ស្រស់ស្អាតមួយនឹងលេចរូបរាងឡើងនាពេលដ៏ខ្លីខាងមុខនេះ នៅខាងកើតស្ទឹងសង្កែកណ្តាលក្រុងបាត់ដំបង ដែលអាជ្ញាធរ ដាក់ឈ្មោះថា សួនតេជោសន្តិភាព ខេត្តបាត់ដំបង អមដោយដើមឈើ និងដើមផ្កាដ៏ស្រស់ស្អាតផងដែរ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗ ចុះត្រួតពិនិត្យទីតាំង "សួនតេជោសន្តិភាព" កាលពីថ្ងៃទី០៦ខែឧសភា ដើម្បីត្រៀមលក្ខណៈដាំដើមឈើ ដើមផ្កាលម្អផ្សេងៗ និងពិនិត្យវឌ្ឍនភាពការងារស្ថាបនា ដើម្បីពន្លឿនដល់ការសាងសង់ឱ្យបានឆាប់រហ័ស នាពេលខាងមុខនេះ។
បើតាមរដ្ឋបាលខេត្តបាត់ដំបង «សួនតេជោសន្តិភាព» ដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត គ្រោងឱ្យមានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយក្រុងបាត់ដំបងជាទីក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ ។
សួនតេជោសន្តិភាពបែងចែកជា៣ផ្នែកសំខាន់ៗរួមមាន៖ ផ្នែកទី១ បរិវេណខាងក្រៅជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី២សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាបថវិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី៣ ស្នូលកណ្តាលដែលជាពូលនៃសួន រៀបចំសាងសង់ឡើងជារូបដែលបែងចែកជា៣ថ្នាក់, ថ្នាក់ទី១៖ មាន៣ជ្រុងតំណាងឱ្យការធានា៣យ៉ាង, ថ្នាក់ទី២៖ មាន៥ជ្រុងតំណាងឱ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣៖ មាន៧ជ្រុងតំណាងឱ្យកត្តាទាំង៧ ដែលនាំមកនូវជ័យជម្នះ៕