អត្ថបទ៖ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ ថ្វីត្បិតតែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងផុតទៅ ស្ទឹងថ្វាក ស្រុករតនមណ្ឌល នៅតែរក្សាបានចំនួនភ្ញៀវទេសចរមកពីទីជិតឆ្ងាយ ងូតទឹក និងអង្គុយទទួលទានអាហារ ក្នុងសភាព អ៊ូអរមិនដាច់ ពិសេសនៅថ្ងៃចុងសប្តាហ៍តែម្តង ។
ស្ទឹងថ្វាកស្ថិតនៅភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រហែល ៤១គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។យើងធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ មកហួសសាលាស្រុករតនមណ្ឌល បន្តិច បត់ស្តាំដៃតាមផ្លូវកៅស៊ូទើបតែសាងសង់ថ្មី ប៉ុន្មាននាទីប៉ុណ្ណោះ នឹងដល់ទីតាំងរមណីយដ្ឋានស្ទឹងថ្វាកនេះហើយ ។
ភ្ញៀវទេសចរមកលេងកម្សាន្តស្ទឹងថ្វាកនេះអាចកម្មង់ម្ហូបអាហារអ្នកស្រុកលក់នៅទីនេះបាន ក្នុងតម្លៃ សមរម្យ ដូចជាមាន់ដុត ម្ហូបកម្មង់ បុកល្ហុង ពងទាកូន សាច់គោអាំងជាដើម និងមានខ្យូសសម្រាប់អង្គុយលេងកម្សាន្តមើលខ្សែទឹកហូរក្រោមជំនោរខ្សល់បក់រវិកៗ គួរឱ្យគយគន់ ។ បន្ថែមពីនោះទីនេះមានសន្តិសុខយាមម៉ូតូឡាន និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថានយ៉ាងល្អ ។
លោក ចាន់ ដារ៉ា ដែលបានទៅកម្សាន្តទីនោះ ជាមួយគ្រួសារបាននិយាយថា នៅថ្ងៃចូលឆ្នាំគាត់មិនបាន មកលេងទីនេះនោះទេ ដោយសារតែមនុស្សម្នាមកលេងច្រើនពេក ទើបតែក្រោយចូលឆ្នាំ និងសម្រាកពី ការងារផង គាត់ឆ្លៀតនាំគ្រួសារ និងបងប្អូនមកលេងទឹកកម្សាន្ត និងអង្គុយស្រូបខ្សល់បរិសុទ្ធ តាមមាត់ស្ទឹងសង្កែប៉ែកខាងលើនេះស្រស់ស្រាយ មែនទែន។ លោកថារាល់លើកគាត់មកលេងស្ទឹងថ្វាក គឺឃើញមានភ្ញៀវមិនដាច់នោះទេ ដោយសារទីនេះកន្លែងលេងទឹកធម្មជាតិ រាក់ ងាយស្រួលលេង មានខ្យូសនៅជាប់មាត់ទឹក និងមានម្ហូបអាហារលក់តម្លៃសមរម្យ ហើយយើងអាចយកម្ហូប ឬ ភេសជ្ជៈមកពីផ្ទះខ្លួនឯងក៏បាន ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថាស្ទឹងថ្វាក គឺជាទីកន្លែងលេងទឹកស្ទឹងដ៏ពេញនិយម ក្នុងចំណោមកន្លែងលេងទឹកស្ទឹងធម្មជាតិទាំង១៤ កន្លែងក្នុងខេត្តបាត់ដំបង ដូចជា តំបន់រមនីយដ្ឋានចង្អូរថ្ម, អូរទទាត្រជាក់ចិត្ត, ទំនប់ពហុបំណង ,ទឹកធ្លាក់ចំការស្វាយ , ទឹកធ្លាក់ភ្នំកំពូល , ចំការទុរេនអូរតង ,ទឹកធ្លាក់កំពង់ទូកមានជ័យ ,ឡេងសេងណារីសត, សម្រស់សំឡូត ,ទឹកធ្លាក់បឡាង, ស្ទឹងក្រញូង ,ស្ទឹងថ្មដាចំការទុរេន និង រមណីយដ្ឋានទឹកធ្លាក់អូរជាំជាដើម ៕