វិទ្យុជាតិកម្ពុជា ឈួន សំអាត ៧-០៥-២០២៥
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើត មាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
យើងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សាធារណជន នៅថ្ងៃនេះថា បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តី ជាវិធានការ បង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និង ផលិតផល សាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធ ជាមួយ ស្ថាប័នពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណី សង្ស័យ។ ក្រសួងក៏នឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះ ក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានករណីជំងឺប្រភេទនេះ ត្រូវបានរកឃើញនៅក្នុងប្រទេស កម្ពុជានោះទេ។ ចំណាត់ការរបស់ក្រសួងគ្រាន់តែជាវិធានការបង្ការតែប៉ុណ្ណោះ មិនមានភាពចាំបាច់ ណាមួយ ត្រូវព្រួយបារម្ភ និងមានការភ្ញាក់ផ្អើលឡើយ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្ដល់ព័ត៌មានថ្មីៗបន្ថែមទៀតពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់៕