ទណ្ឌិតជិត៣០០នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងបុណ្យវិសាខបូជា

Narith | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៨ ៥ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានប្រកាសថា ក្នុងឱកាសពិធីបុណ្យវិសាខបូជា នាឆ្នាំ២០២៥នេះ មានទណ្ឌិតចំនួន ២៩៦នាក់ ក្នុងនោះ ស្រី២៨នាក់ ត្រូវបានបន្ធូរបន្ថយទោស 

បើតាមឯកឧត្តម គឹម សន្តិភាព ភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានអោយដឹងថា ការបន្ធូរបន្ថយទោសនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការ បន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៩៦ នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ។

ឯកឧត្តមបន្តថា ក្នុងចំណោមទណ្ឌិតទាំង២៩៦នាក់នេះ ត្រូវបានបន្ធូរបន្ថយទោស៣ខែសម្រាប់ទណ្ឌិតចំនួន២០៧នាក់ , បន្ធូរបន្ថយទោស៦ខែចំនួន៧០នាក់ទៀត ,បន្ធូរបន្ថយទោស៩ខែចំនួន១៧នាក់ និងបន្ធូរបន្ថយទោស១២ខែ ចំនួន២នាក់។

ជាមួយគ្នានេះ ឯកឧត្តម គឹម សន្តិភាព បញ្ជាក់ទៀតថា គណៈកម្មការជាតិនៃការបន្ធូរបន្ថយទោសក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន ៤រូប ចូលក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោសដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ៦ឆ្នាំ និង១០ឆ្នាំ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បញ្ជាក់ដែរថា គណៈកម្មការថ្នាក់ជាតិ ក៏ពុំបានលើកយកមកពិនិត្យពិចារណាឡើយ ចំពោះសំណើទាំងឡាយទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសទូទៅដូចជា ៖ ឧក្រិដ្ឋជនគ្រឿងញៀន , អំពើសាហាវយង់ឃ្នង , ករណីមិនរាងចាល , ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ , ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ , ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី១ភាគ៣នៃរយៈពេលផ្តន្ទាទោស។ ក្នុងនោះក៏មានបទល្មើសរំលោភផ្លូវភេទលើជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ , ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ , ជនរងគ្រោះជាសាច់សាលោហិត , ករណីរំលោភបូក , ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត ៕

ទណ្ឌិតជិត៣០០នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងបុណ្យវិសាខបូជា
ទណ្ឌិតជិត៣០០នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងបុណ្យវិសាខបូជា
ទណ្ឌិតជិត៣០០នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងបុណ្យវិសាខបូជា
ទណ្ឌិតជិត៣០០នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងបុណ្យវិសាខបូជា