វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៨ ០៥ ២៥
ទីម័រឡេស្តេ៖ ប្រធានរដ្ឋសភាទីម័រឡេស្តេ បង្ហាញនូវក្តីដឹងគុណចំពោះការគាំទ្ររបស់កម្ពុជា និងភាពសកម្មរបស់សម្តេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រ ជាសមាជិកសង្កេតការណ៍ និងសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ និងផ្តល់វ៉ាក់សាំងការពារកូវីដ១៩ជាដើម។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភាជាតិទីម័រឡេស្តេ ទីក្រុងឌីលី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានមានប្រសាសន៍ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាង កម្ពុជា និងទីម័រឡេស្តេ នាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រីកទំនាក់ទំនងនៅពេលខាងមុខ។ នៅក្នុងឱកាសនោះលោកជំទាវបង្ហាញនូវក្តីដឹងគុណចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្ររបស់កម្ពុជា និងភាពសកម្មរបស់សម្តេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រ ជាសមាជិកអង្កេតការណ៏របស់អាស៊ាន កាលពីឆ្នាំ២០២២ ហើយតួអង្គសម្តេចតេជោ បានបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ នៅក្នុងឱកាសនោះ លោកជំទាវក៏បាននឹងគុណកម្ពុជា នាពេលកន្លងទៅ ដែលបានជួយដល់ទីម័រឡេស្តេ ក្នុងបរិបទកូវីដ១៩ ដែលបានជួយផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដល់ទីម័រឡេស្តេ ក្នុងភាពដ៏លំបាកនោះ។ លោកជំទាវ ចងចាំនូវគុណូបការៈទាំងអស់មិនអាចបំភ្លេចបានសម្រាប់លោកជំទាវផ្ទាល់ ក៏ដូចជាប្រជាជនទីម័រឡេស្តេ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកជំទាវ ចំពោះការធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍សម្តេចតេជោ និងគណៈប្រតិភូមកកាន់វិមានរដ្ឋសភា។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងមានបាឋកថា ដែលនឹងថ្លែងអំពីបទពិសោធន៏របស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្តេ ហើយបាឋកថានោះ នឹងរំលេចពីបទពិសោធន៏របស់កម្ពុជា មុនចូលអាស៊ាន ចូលជាសមាជិកអាស៊ាន និងទស្សនរសប់សម្តេចតេជោ ជុំវិញអាស៊ាន និងពិភពលោក។ សម្តេចតេជោ បានរំលេចពីទំនាក់ទំនងរវាងសម្តេចតេជោ ជាមួយទីម័រឡេស្តេ ដែលមកដល់ពេលនេះ ក្លាយជាទំនាក់ទំនងដ៏រឹងមាំ។ សម្តេចតេជោ ក៏បានជម្រាបទៅប្រធានសភាទីម័រឡេស្តេឱ្យបន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ ការភ្ជាប់ទំនាក់ទំនងបន្ថែមជាពិសេសការពង្រីកនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងការវិនិយោគជាមួយគ្នាបន្ថែមទៀត ឱ្យបានកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ បានរំលេចពីកិច្ចសហការគ្នា ក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដែលប្រទេសទាំងពីរ ត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។
បន្ទាប់ពីជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តធ្វើបទឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាទីម័រឡេស្តេ ដែលជាបាឋកថាកម្រមាន នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ។ អ្វីដែលជាការកត់សម្គាល់ តំណាងបក្សនយោបាយចំនួន៥ នៅទីម័រឡេស្តេ បានឡើងបង្ហាញចំណាប់អារម្មណ៍រៀងខ្លួន ដោយក្នុងចំណោមតំណាងបក្ស នយោបាយទាំង៥នៅក្នុងរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់សម្តេចតេជោ និងគណៈប្រតិភូ ដោយបានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងប្រតិភូនៅពេលនេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ដល់ទីម័រឡេស្តេ។ បន្ថែមពីលើនេះ បណ្តាសមាជិកនៃបណ្តាបក្សនយោបាយទាំងនោះ បានបង្ហាញនូវការលើកឡើងដូចគ្នានូវការអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងទីម័រឡេស្តេគ្រប់កាលៈទេសៈ ជាពិសេសការជ្រោមជ្រែងទីម័រឡេស្តេ ឱ្យបានចូលជាអ្នកសង្កេតការណ៏អាស៊ាន និងជួយជ្រោមជ្រែងឱ្យទីម័រឡេស្តេអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។ តំណាងគណបក្សនយោបាយទាំង៥ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅពេលនេះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រសម្រាប់ទីម័រឡេស្តេ ហើយសង្ឃឹមថាប្រទេសទំាងពីរ នឹងបន្តពូនជ្រុំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ៕